(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ, អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយឃោសនិក និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សឃុំ ផ្សព្វផ្សាយពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកាចំនួន១៥៦នាក់ មានស្រី១០៥នាក់ នៅភូមិស្លាករ ឃុំបន្ទាយស្ទោង។
ក្នុងឱកាសនេះដែរ លោកបានលើកឡើងនូវហេតុចម្បងចំនួន៦ចំណុច ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគាំទ្រលើសលប់មកលើគណបក្សប្រជាជនកម្ពុជារួមមាន៖
ទី១៖ ជាគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលបានសង្គ្រោះជាតិពិតប្រាកដ
ទី២៖ ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទោះបីប្រទេសជាតិ ស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ
ទី៣៖ ជាគណប្សដែលបានថែរក្សាសន្តិភាពយូរអង្វែង ដែលកំពុងផ្ដល់ក្តីសុខដល់ពលរដ្ឋទូទាំងប្រទេស
ទី៤៖ ជាគណបក្សដែលផ្ដល់ឱកាសដល់យុវជន និងកូនក្មួយកម្មករ
ទី៥៖ ជាគណបក្សដែលប្រែកម្ពុជាពីវាលពិឃាដមកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់
ទី៦៖ ជាគណបក្សតែមួយគត់ ដែលសម្បូរធនធានមនុស្ស មានសមត្ថភាពពេញលេញ និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនយូរអង្វែង។
ចុងក្រោយលោកបានអំពាវនាវដល់ លោកយាយ លោកតា មាមីង បងប្អូន ក្មួយៗ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាជនទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីសន្តិភាព និងការអភិវឌ្ឍ៕