(បាត់ដំបង)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តគម្រោងស្តីពី ការជំរុញ ផលិតកម្មស្បៀង ដែលគម្រោងនេះ បានទទួលការឧបត្ថម្ភថវិកា ចំនួន២០.២៥លានដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្ថែមទៀតថា គម្រោងនេះ មានគោលបំណងផលិតពូជស្រូវក្រអូប និងបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល ដោយត្រូវអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១១ មានខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ចាម កំពង់ឆ្នាំ កំពង់ធំ កំពង់ស្ពឺ ត្បូងឃ្មុំ ពោធិសាត់ បាត់ដំបង និងខេត្តសៀមរាប។
ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោក វេង សាខុន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិពណ៌ផ្សារណាត់ នៅក្នុងទីរួមខេត្តបាត់ដំបង ដែលរៀបចំធ្វើឡើង ដោយអគ្គនាយកដ្ឋាន សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
ពិពណ៌ផ្សារណាត់ នៅក្នុងទីរួមខេត្តបាត់ដំបង ខាងលើនេះ ក៏មានការចូលរួមពី លោក ហឿង សាគន្ធ អភិបាលរងខេត្ត ថ្នាក់ដឹកនាំក្រសួង រួមជាមួយលោក-លោកស្រី មន្រ្តីរាជការ និស្សិត អាជីវករ ក្រុនហ៊ុន កសិករផលិតបន្លែ សហគមន៍ផលិតបន្លែសុវត្ថិភាព ដែលសរុបចំនួនប្រមាណ២០០នាក់។
មានចំណាប់អារម្មណ៍នាឱកាសនេះ លោកអភិបាលរងខេត្ត សូមធ្វើការគាំទ្រព្រោះគម្រោង បានជួយជំរុញ និងបង្កើនការផលិតបន្លែ និងផលិតផលសុវត្ថិភាពផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល ធានាសុខភាពសាធារណៈ។
មានមតិនាឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានកោតសរសើរ ដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត មន្រ្តីអនុវត្តគម្រោង ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត អនុវត្តគម្រោង សម្រេចបានលទ្ធផលល្អ ជាពិសេសសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានឧបត្ថម្ភថវិកា ដើម្បីអនុវត្តគម្រោងនេះ ផ្តោតជាសំខាន់ទៅលើការផលិត ពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាព។
ជាមួយគ្នានោះ លោក វេង សាខុន ក៏បានដាក់ចេញគោលការណ៍ សំខាន់ៗ៤ចំណុច ដើម្បីកាត់បន្ថយការនាំចូលបន្លែ និងធានាប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យម ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងជាពិសេសធ្វើការអភិវឌ្ឍផលិតកម្មបន្លែ ផ្លែឈើ ធានា សុខភាពសាធារណៈ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុកតាមរយៈ៖
១៖ ធ្វើការបង្វែរទិសដៅផលិត ពីការផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតសម្រាប់ធ្វើកសិពាណិជ្ជកម្មវិញ កែប្រែការផលិត បន្លែក្នុងសួន ទៅជាការផលិតក្នុងចំការ
២៖ បញ្ចូលបច្ចេកទេសផលិត ដូចជាការជ្រើសរើសពូជ ការប្រើប្រាស់ជី ថ្នាំ ប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ ដើម្បីកាត់បន្ថយហានីភ័យ បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល ធានាគុណភាព និងសុវត្ថិភាពបន្លែ តាមរយៈការអនុវត្តកសិកម្មល្អ (GAP)
៣៖ កែលម្អខ្សែសង្វាក់ផលិតកម្ម ផលិតតាមផែនការ ឬតាមកម្មវិធីច្បាស់លាស់ តាមការបញ្ជាទិញ តម្រូវការ ទីផ្សារ ដោយត្រូវធ្វើកសិកម្មតាមកិច្ចសន្យា
៤៖ ក្រៅពីការផលិត អ្នកផលិតត្រូវគិតគូ និងពិនិត្យលទ្ធភាពពីការវិចខ្ចប់ ថែរក្សាទុកដាក់ ការកែច្នៃ និងដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារ។
លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ទាំងយន្តការផលិត និងគោលការណ៍បច្ចេកទេសផលិត បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០៣០ ដែលត្រូវអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ទៅកសិកម្មទំនើបយន្តូបនីយកម្មកសិកម្ម មានការប្រកួតប្រជែង ធននិងបម្រែបម្រួលអាកាសធាតុ។
ដើម្បីធានាបាន នូវសុក្រឹត្យភាព យុត្តិធម៌ តម្លាភាព និងការប្រកួតប្រជែង លោករដ្ឋមន្រ្តី បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ខិតខំឲ្យអស់លទ្ធភាពផ្តល់វិញ្ញាបនបត្របញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ ជូនផលិតករ សហគមន៍ និងម្ចាស់កសិដ្ឋាន៕