(កំពង់ចាម)៖ ក្នុងពិធីអបអរសាទរបុណ្យរុក្ខទិវា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលបានធ្វើនៅក្នុងបរិវេណវិទ្យាល័យសម្ដេច ជួន ណាត អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងថា ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាស្រឡាញ់ ដាំ និងថែរក្សាព្រៃឈើ ទាំងដើមឈើហូបផ្លែ និងដើមឈើមានតម្លៃទាំងអស់គ្នា។
បើតាមលោកអភិបាលខេត្ត បុណ្យរុក្ខទិវា គឺជាពិធីដ៏សំខាន់ និងមានប្រយោជន៍សម្រាប់ដាស់ស្មារតីដល់ប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ព្រៃឈើ និងថែរក្សាព្រៃឈើ ហើយពិធីបុណ្យរុក្ខទិវានេះ ត្រូវបានបង្កើតឡើងដោយសម្តេចបរមរតនកោដ្ឋ ដែលរហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ បន្តពីព្រះបរមរតនកោដ្ឋ មិនដែលអាក់ខានឡើយ។
លោក គួច ចំរើន បញ្ជាក់ថា ទិវានេះក៏ដើម្បីដាស់តឿនស្មារតី ប្រជាពលរដ្ឋឲ្យមានការយល់ដឹង អំពីអត្ថប្រយោជន៍នៃព្រៃឈើ និងមានចិត្តស្រឡាញ់ ថែរក្សាព្រៃឈើទាំងដើមឈើហូបផ្លែ ក៏ដូចជាដើមឈើមានតម្លៃផ្សេងៗ។ ម្យ៉ាងទៀត ជាការរំលឹកដ៏មហាទិគុណដ៏ថ្លៃថ្លា របស់សម្តចបរមរតនកោដ្ឋ ដែលបានផ្តួចផ្តើមឲ្យមាននូវពិធីបុណ្យរុក្ខទិវានេះ ដែលជាការពញ្ញាក់ ស្មារតីជារួម ទៅដល់ជនរួមជាតិឲ្យមានការស្រឡាញ់ និងចូលរួមថែរក្សាព្រៃឈើ ឲ្យបានគង់វង្ស។
លោកអភិបាលខេត្ត បានថ្លែងទៀតថា ពិតណាស់ពីមុនព្រៃឈើនៅប្រទេសកម្ពុជាសំបូរ ប៉ុន្តែដោយសារតែកំណើនប្រជាពលរដ្ឋ មានការកើនឡើង និងសេចក្តីត្រូវការប្រើប្រាស់ក៏កើនឡើងដែរ ហេតុនោះហើយធ្វើឲ្យព្រៃឈើមានការបាត់បង់បន្តិចម្តងៗ តាមសេចក្តីត្រូវការនោះ ប៉ុន្តែបើទោះជាយ៉ាងណា ការដែលប្រជាពលរដ្ឋបានខិតខំមកជួបជុំគ្នានាពេលនេះ គឺដើម្បីបណ្តុះគំនិតឲ្យជនរួមជាតិ មានការយល់ដឹងពីអត្ថប្រយោជន៍នៃព្រៃឈើ និងស្រឡាញ់ចូលរួមដាំដុះ ថែរក្សាព្រៃឈើទាំងអស់គ្នា ព្រោះថារុក្ខជាតិទាំងអស់មានប្រយោជន៍ខ្លាំងណាស់ ដូចជាការស្រូបជាតិពុល និងបញ្ចេញមកវិញ នូវខ្យល់បរិសុទ្ធជាដើម។
សូមជម្រាបថា លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថា ខេត្តកំពង់ចាម បានប្រារព្ធពិធីបុណ្យរុក្ខទិវា ចំនួន២៤លើកមកហើយ ដោយដាំឈើចម្រុះ ប្រភេទបានចំនួនសរុប៥៦ហិចតា។ ដោយមានការណែនាំពីថ្នាក់ដឹកនាំខេត្ត មកដល់ពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ចាម បានបង្កើតសួនអនុស្សាវរីយ៍ និងសួនអាពាហ៍ពិពាហ៍ បានចំនួន២កន្លែង ដោយ១កន្លែង នៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ និង១កន្លែងទៀត ស្ថិតនៅក្នុងវត្តនគរបាជ័យ ស្រុកកំពង់សៀម សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំ និងជាឱកាសដល់គូរស្រកថ្មី ដាំដើមឈើទុកជាអនុស្សាវរីយ៍។
ដោយឡែកសម្រាប់ឆ្នាំ២០១៨នេះ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម មានថ្នាលបណ្តុះកូនឈើចំនួន៤កន្លែង ក្នុងនោះមានសួនបណ្តុះកូនឈើ លោក ហ៊ុន ណេង ភ្នំប្រុស, សួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន ព្រៃកុង (ស្គន់), ថ្នាលបណ្តុះកូនឈើ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងសួនបណ្តុះកូនឈើ ទឹកឆា៕