(ព្រះវិហារ)៖ ម្តាយឪពុកស្ទើរដួលសន្លប់បាត់ស្មារតី បន្ទាប់ពីដឹងថា កូនស្រីតូចដែលគួរឲ្យស្រឡាញ់របស់គាត់ស្មើនឹងជីវិតនោះ ត្រូវលង់ទឹកអាងស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីពួកគាត់ ជាប់រវល់ធ្វើការនៅខាងក្រៅផ្ទះ ដោយផ្ញើកូនតូចនេះឲ្យជីដូនចាស់មើល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះថា មុនពេលកើតហេតុឪពុកដែលជាមន្ត្រីនគរបាល បានទៅបំពេញការងារ ដូចធម្មតានៅប៉ុស្តិ៍ ចំណែកម្តាយជាគ្រូបង្រៀន បានចេញទៅស្ទូងស្រូវនៅឯស្រែ ដោយបានផ្ញើកូនស្រីតូចរងគ្រោះនេះ ឲ្យជីដូនដែលមានវ័យជាង៧០ឆ្នាំមើល។
លោកវរសេនីយ៍ឯកបានបន្តថា ស្របពេលដែលជីដូនមិនបានចាប់អារម្មណ៍នឹងចៅតែរយៈពេលមួយភ្លែត ស្រាប់តែបាត់ចៅមិនដឹងទៅណា ធ្វើឲ្យគាត់ខំដើររកដោយនឹកស្មានថាទៅលេងផ្ទះអ្នកជិតខាង។ លុះពេលដើររកមិនឃើញ ក៏មានការផ្អើលឆោឡោដល់អ្នកជិតខាងជួយដើររក ស្រាប់តែប្រទះឃើញក្មេងស្រីតូចនេះ លង់ទឹកអាងគៀនផ្ទះស្លាប់បាត់បង់ជីវិតគួរឲ្យតក់ស្លុតបំផុត។
លោកបានបន្តទៀតថា អាងទឹកដែលក្មេងស្រីតូចលង់ស្លាប់នេះ គឺមានកម្ពស់ប្រហែល៧តឹក ដោយបានផ្ទុកទឹកពេញដោយសារទឹកភ្លៀង។ ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
អធិការនគរបាលស្រុករវៀង បានឲ្យដឹងទៀតថា ក្មេងស្រីតូចដែលស្លាប់មានឈ្មោះ ទុំ ចរិយា ភេទស្រី អាយុទើបតែ២ឆ្នាំប៉ុណ្ណោះ។ ជាមួយនឹងការបាត់បង់កូនស្រីជាទីស្រឡាញ់ និងដើម្បីចូលរួមមរណៈទុក្ខនេះ លោក ហោ ប៊ុនហ៊ួរ អភិបាលស្រុករវៀង បានដឹកនាំក្រុមការងារស្រុក នាំថវិកាចំនួន ៧៨៥,០០០រៀល ទៅចូលរួមរំលែកទុក្ខផងដែរ៕