ផលិតករភាពយន្តដ៏ល្បីឈ្មោះ ភាពយន្តខ្នាតធំរឿង «ស្នូរជើងអ្នកណា?» គឺជាការផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ផ្ដោតសំខាន់លើគុណភាព ដើម្បីធ្វើការប្រកួតប្រជែងលើទីផ្សារ និងផ្លាស់ប្ដូរឥរិយាបថរបស់អ្នកគាំទ្រ ដែលតែងតែលើកឡើងជារឿយៗថា ភាពយន្តខ្មែរគ្មានគុណភាព ផលិតឡើងយកតែបរិមាណ មិនអាចទាក់ទាញអ្នកគាំទ្រ បានច្រើនកុះករ ដូចភាពយន្តបរទេសឡើយ។
ការថ្លែងបែបនេះ របស់ផលិតករត្រូវបានធ្វើឡើង ក្នុងឱកាសសម្ពោធភាពយន្តខ្នាតធំ រឿង «ស្នូរជើងអ្នកណា?» កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៨ នៅរោងភាពយន្ត Major ផ្សារទំនើប អេអនម៉ល២ ក្នុងខណ្ឌសែនសុខ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ផលិតករ ចាងហ្វាងផលិតកម្ម តារាសម្ដែង និងមហាជនយ៉ាងច្រើនកុះករ។
លោក សែម វិសាល ផលិតករភាពយន្តដ៏ល្បីឈ្មោះ និងចាងហ្វាងផលិតកម្ម «Wonderfilm Cambodia» បានបញ្ជាក់បន្តថា ភាពយន្តខ្នាតធំរឿង «ស្នូរជើងអ្នកណា?» ជាភាពយន្តដែលលោកចំណាយការនិពន្ធ និងផលិតយ៉ាងលំបាក ដោយការចំណាយដើមទុនក៏ច្រើន ទម្រាំផលិតភាពយន្តរឿង «ស្នូរជើងអ្នកណា?» បានដោយជោគជ័យ។ មួយរឿងនេះ លោកធ្វើដើម្បីប្រកួតប្រជែងទីផ្សារ និងចង់ឲ្យអ្នកធ្លាប់តែវាយតម្លៃថា ភាពយន្តខ្មែរខ្វះគុណភាព និងមើលទៅមិនល្អមើល ផ្លាស់ប្ដូរឥរិយាបទ។
មានការកត់សម្គាល់ឃើញថា ភាពយន្ត «ស្នូរជើងអ្នកណា?» ទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺឈុតឆាករន្ធត់ៗ និងសាច់រឿងប្រទាក់ក្រឡាតែម្ដង។ មួយរឿងនេះ គេអាចនិយាយបានថា អ្នកទស្សនានឹងមិនហ៊ានងើបចេញពីកៅអី សូម្បីតែចូលបន្ទប់ទឹកផង ដោយសារតែសាច់រឿង ពីមួយវគ្គទៅមួយវគ្គ ស្ទើរមិនមានឈុតណាមិនទាក់ចិត្តអ្នកទស្សនាឃើញ ដែលបានលង់ខ្លួនចូលទៅអង្គុយ នៅខាងមុខអេក្រង់។
អ្នកទស្សនា យ៉ាងហោចជាងពាក់កណ្ដាលសុទ្ធតែ បានលាន់មាត់សរសើរថា ភាពយន្តរឿង «ស្នូរជើងអ្នកណា?» របស់ផលិតកម្ម Wonderfilm Cambodia ល្អមើល និងជាភាពយន្តទាក់ភ្នែក ដោយស្ទើរគ្រប់ឆាកអ្នកនិពន្ធ និងអ្នកដឹករឿងបានទាំងរំលេចឈុតរន្ធត់ៗ ធ្វើឲ្យអ្នកទស្សនាភ័យស្រែកពេញរោងនោះផង ខណៈដែលឈុតកំប្លែងស្ងួត ក៏មានប្លង់សើចចង់រឹងពោះមិនធម្មតា។ អ្វីដែលគួរសរសើរគឺភាពយន្តនេះ មិនយកតារាសម្ដែងដែលត្រូវគេឃើញសម្ដែងក្នុងភាពយន្ត ឡើងសាំភ្នែកមហាជនឲ្យមកសម្ដែង ដើម្បីទាក់ចិត្តអ្នកគាំទ្រនោះទេ ប៉ុន្តែបានជ្រើសតារាសម្ដែង ដែលជាពិធីករ និងជាក្រុមការងារបច្ចេកទេសឲ្យមកសម្ដែងហើយ សម្ដែងត្រូវចំគោលដៅ ធ្វើឲ្យឈុតឆាករឿងទាំងមូល ផ្ទុះការសរសើរបាន។
លោក សែម វិសាល បន្តថា ភាពយន្តនេះ ស្ដែងឡើងពីសាច់រឿងគ្រួសារមួយ ដែលហ៊ានទិញពោរពេញដោយអាថ៌កំបាំង ហើយគ្រួសារនេះ និងមនុស្សពាក់ព័ន្ធក៏សម្លាប់ ដោយវិញ្ញាណកាចសាហាវ។ មួយរឿងនេះ អ្វីដែលគេសរសើរ គឺមានសាច់រឿងបង្កប់ដោយអាថ៌កំបាំង ទស្សនាដល់ពាក់កណ្ដាលរឿង ទៅហើយ នៅតែទាយដំណោះស្រាយរឿង មិនទាន់ដឹង។
សូមបញ្ជាក់ថា ភាពយន្តនេះនឹងសម្រេចដាក់បញ្ចាំង ចាប់ពីថ្ងៃទី១៩ កក្កដា តទៅ ក្រោមការចែកចាយផ្ដាច់មុខ របស់ក្រុមហ៊ុនពូព្រហ្ម ដោយលោករំពឹងថា ភាពយន្តនេះ ក៏នឹងស៊ីលុយមិនអន់ជាងរឿង «ផ្ទះចិញ្ចឹមខ្មោច» ដែលទើបកើបលុយក្នុងពេលដាក់បញ្ចាំងនោះ ប៉ុន្មានឡើយ៕