(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រគល់ម៉ូតូចំនួន១០០គ្រឿង ជូនដល់ដៃមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ទូទាំងខេត្ត ក្រោយការប្រគល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែកក្កដាម្សិលមិញ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានណែនាំដល់កម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបន្ដខិតខំប្រឹងប្រែង បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន បើទោះបីកន្លងមកកម្លាំងនគរបាលទាំងអស់ បានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួនតាមច្បាប់កំណត់ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្ដបន្ទាប់មកហើយនោះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ លោកបានបញ្ជាឲ្យកម្លាំងទាំងអស់ដាច់ខាតត្រូវតែការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យខាងតែបាន ដើម្បីឲ្យដំណើរការបោះឆ្នោតដ៏ធំមួយនេះដំណើរការយ៉ាងរលូន។
សូមជម្រាបថា ការប្រគល់ម៉ូតូពីសំណាក់សម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១៨ ខែកក្កដាម្សិលមិញនេះ គឺជាលើកទីបួនហើយដែលក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ម៉ូតូដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់កងកម្លាំងក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយក្រៅពីប្រគល់នូវទោចក្រយានយន្ត ក្រសួងមហាផ្ទៃ ក៏បានសម្រេចប្រគល់នូវសាំង ចំនួន១២០លីត្រ និងថវិកាចំនួន១២០០,០០០រៀល ក្នុងមួយត្រីមាសផងដែរ។
ក្នុងពិធីនោះ សម្ដេចក្រឡាហោម ស ខេង តាមរយៈស្នងការនគរបាលរាជធានី-ខេត្ត បានប្រាប់ទៅកាន់មន្ដ្រីនគរបាលប៉ុស្ដិ៍ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនគិតពីនិន្នាការនយោបាយ ឬសាសនាឡើយ។
សម្ដេចប្រមុខក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា «ប៉ុស្ដិ៍នគរបាលយើងមានភារកិច្ចការងារប្រជាពលរដ្ឋទាំងអស់ មិនមែនការងារតែក្រុមណាមួយនោះ គឺការពារប្រជាពលរដ្ឋទូទៅ ដោយមិនរើសអើង ហើយក្រុមប្រឹក្សាឃុំ មេឃុំចៅសង្កាត់ គឺយើងទទួលបានអាណត្តិពីប្រជាពលរដ្ឋ គឺយើងមានភារកិច្ច ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់យើង ដើម្បីធានាសន្ដិសុខ អភិវឌ្ឍន៍ជីវភាពរស់នៅរបស់ពួកគាត់»៕