(ភ្នំពេញ)៖ បន្ទាប់ពីជំហានទី១ត្រូវបានបញ្ចប់ និងបានប្រគល់ដីជូនប្រជាពលរដ្ឋរួចរាល់ហើយនោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរដែនដី បន្តការងារបុកស៊ីផាយចាក់ដីបំពេញ ដើម្បីប្រគល់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅប្រឡាយស្ទឹងមានជ័យ ជំហានទី២ និងជំហានបន្តបន្ទាប់ទៀត ឲ្យបានលឿនទៅតាមគម្រោងដែលបានគ្រោងទុក។
ការជំរុញរបស់លោក ឃួង ស្រេង បែបនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការស្តារ ការស្ថាបនា ការចាក់ដីបំពេញដើម្បីចែកជូនប្រជាពលរដ្ឋរស់នៅតាមប្រឡាយស្ទឹងមានជ័យ ឲ្យបានលឿនទៅតាមគម្រោងដែលបានគ្រោងទុក។
លោក ឃួង ស្រេង បានថ្លែងថា ការងាររៀបចំកែលម្អប្រឡាយស្ទឹងមានជ័យ បាននិងកំពុងទទួលការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋទូទៅ ពិសេសគឺប្រជាពលរដ្ឋរស់នៅទីតាំងប្រឡាយនេះតែម្តង ព្រោះបានទទួលនូវប្រឡាយស្អាត ផ្លូវល្អ ភ្លើង ទឹកគ្រប់គ្រាន់ ពិសេសគឺផ្ទះសំបែងត្រឹមត្រូវ។ លោកបានផ្តាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ប្រឡាយ បេតុង ស្ទឹងមានជ័យនេះឱ្យបានឆាប់រហ័សទាំងគុណភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងក្រោយកិច្ចប្រជុំនេះថា ការដ្ឋានប្រឡាយស្ទឹងមានជ័យនេះ ក្នុងជំហានទី១ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តន៍ការងារដោយបានចាក់ដីបំពេញនៅមាត់ប្រឡាយព្រមទាំងផ្តល់កម្មសិទ្ធិ ដីទំហំ៤គុណនឹង៦ម៉ែត្រ ជូនប្រជាពលរដ្ឋបានជាង១០០គ្រួសារហើយ នៅសល់៤១០គ្រួសារ ឬក្បាលដីក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ចំនួន ៥៧៣គ្រួសារ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីតំបន់ព្រលានយន្តហោះភ្នំពេញ ហូរនាំទឹកទម្លាក់ចូលមកប្រឡាយស្ទឹងមានជ័យនេះ ទើបបន្តហូរទម្លាក់ទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ។
បន្ថែមលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យនេះ ក្នុងជំហានទី១នេះ អនុវត្តន៍ការងារលើការបុកស៊ីផាយបានសម្រេចប្រវែង ២២៦ម៉ែត្រសងខាងហើយ ក្នុងប្រវែងសរុបចំនួន ៣២៨ម៉ែត្រសងខាង ក្នុងនោះក្រុមការងារក៏បានដាក់លូប្រអប់បាន ៥៣កង់។ ក្រោយបញ្ចប់ជំហានទី១នេះ មន្ត្រីជំនាញនឹងបន្តបុកស៊ីផាយជំហានទី២ទៀត ដែលមានប្រវែង ២៥២ម៉ែត្រសងខាង។
គួរបញ្ជាក់ថា នៅតំបន់ប្រឡាយស្ទឹងមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យមានប្រវែង ១,៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤ដំណាក់កាល ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះចំនួន ៥៧៣គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ ៤គុណនឹង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង៕