(កំពត)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានព្រមានពីការកើនឡើងនូវកម្ពស់ទឹកនៅខេត្តកំពត ដែលនាំឲ្យលិចលង់តំបន់ទំនាបមួយចំនួន ក្នុងស្រុកទឹកឈូ ស្រុកឈូក ស្រុកជុំគិរី និងជាយក្រុងកំពត ដែលអាជ្ញាធរត្រូវមានការប្រុងយ័ត្នខ្ពស់។ នេះបើយោងតាមការបញ្ជាក់នៅលើ Facebook របស់ក្រសួងធនធានទឹក។
ក្រសួងធនធានទឹក បានបញ្ជាក់ថា «មកដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ទឹកព្រែកកំពង់បាយ បានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត។ គិតត្រឹមម៉ោង៦៖៣០ នាទីព្រឹកនេះ ទឹកព្រែកបានជន់ឡើងលិចចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ ស្រុកឈូក ស្រុកជុំគិរី និងសង្កាត់មួយចំនួនដែលនៅជាយក្រុងកំពត។ ភ្លៀងបន្តធ្លាក់ ទឹកពីតំបន់ខាងលើនៅតែបន្តហូរចាក់ចូល ដូចនេះទឹកព្រែកនឹងបន្តកើនឡើង។ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ»។
ដោយឡែកនៅព្រឹកថ្ងៃនេះ អភិបាលខេត្តកំពត លោក ជាវ តាយ បានដឹកនាំមន្រ្តីជំនាញ និងកងកម្លាំងប្រដាប់អាវុធចុះទៅពិនិត្យមើលជាក់ស្តែង ពីស្ថានភាពជំនន់ទឹកភ្លៀងនៅតាមតំបន់រងគ្រោះ ដើម្បីដាក់ចេញនូវវិធានការណ៍ជាបន្ទាន់លើការជួយសង្គ្រោះ៕