Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចផ្ទះអ្នកស្រុកស្រែអំបិល ខេត្តកោះកុងជាច្រើនខ្នង និងប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព, ថ្ងៃនេះអភិបាលខេត្ត ចុះពិនិត្យផ្ទាល់ស្ថានភាពទឹកលិច (Video inside)

19-07-2018 11:20

(កោះកុង)៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចុះទៅពិនិត្យស្ថានភាពជាក់ស្តែង និងជួយអន្តរាគមន៍ចំពោះស្ថានភាពជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ស្ថិតនៅស្រុកស្រែអំបិល។

ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុងដែលចុះទៅយកព័ត៌មានផ្ទាល់ជាមួយ អភិបាលខេត្តលោក ដារ៉ា បានរាយការណ៍ថា ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅមូលដ្ឋានស្រុកស្រែអំបិល ត្រូវបានទឹកលិច ហើយផ្ទះទឹកលិចស្ទើរតែផុតដំបូលទៀតផង ខណៈភ្លៀងនៅតែបន្តធ្លាក់ដដែលមកដល់ព្រឹកថ្ងៃនេះ។

យ៉ាងណាក៏ដោយ សម្រាប់ប្រជាពលរដ្ឋវិញ​ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចធ្វើការជម្លៀសចេញ ទៅកាន់ទីទួលមានសុវត្ថិភាព មិនបណ្តោយឲ្យមានការរងគ្រោះថ្នាក់នោះទេ។

ខេត្តកោះកុងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បាននិងកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំនន់ទឹកភ្លៀង រហូតមានការជម្លៀសប្រជាពលរដ្ឋទៀតផង ប៉ុន្តែទំហំនៃការខូចខាតនោះ នៅមិនទាន់អាចប៉ាន់ស្មាននៅឡើយទេ ខណៈក្រុមមន្រ្តីកំពុងតាមដានស្ថានភាពនេះនៅឡើយ៕