(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានក្រុមការងារ​ចុះជួយខេត្ត​សៀមរាប និង​ជាបេក្ខភាពតំណាងរាស្ត្រ​មណ្ឌលសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បាន​ជួប​សំណេះសំណាលជាមួយ​សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកអង្គរជុំ ខេត្តសៀមរាប ចំនួន​១​,៦២០នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រីស្នំ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន​ សំខាន់​លើវិស័យសេដ្ឋកិច្ច បានចាកចេញពីប្រទេសបន្ទាត់ក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយ​កំពុងប្រឹងប្រែងជំរុញឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០១៣០ និង​ត្រូវទទួលបានកិត្តិយសផងដែរ ដែលជាប្រទេស​ជឿនលឿនមួយនៅក្នុងតំបន់​។

សម្តេច ទៀ បាញ់ ក៏បានលើក​ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏បានជំរុញប្រាក់បៀវត្សរ៍ មន្ត្រី​រាជ​ការ​កើនឡើងជាបន្តបន្ទាប់ ព្រមទាំងប្រាក់សោធនិវត្តន៍ ក៏ត្រូវបានកើនឡើង ហើយប្រាក់ឈ្មួលរបស់កម្មករ ក៏បាន​កើនឡើងខ្ពស់ផងដែរ ហើយដើម្បីឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ​មានការអភិវឌ្ឍលើគ្រប់វិស័យ សូម​ប្រជាពលរដ្ឋទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ព្រោះនៅគ្រប់កាលៈទេសៈណាមាន សម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាម នៅកម្ពុជាឡើយ​។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកពីសភាពការណ៍នយោបាយ​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​ប្រាប់​កុំជឿនូវការឃោសនាអកុសល ការញុះញុងរបស់ក្រុមជនអគតិមួយចំនួន ដែលមានគោលបំណង ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និង​សន្តិភាពនៅកម្ពុជា តាមរយៈការឃោសនា មិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែ​កក្កដាខាងមុខនេះ​៕