(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ តាមរយៈបណ្ដាញព័ត៌មាន Fresh News បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង នូវការលើកឡើងមួយចំនួន ស្ដីពីការបាក់ទំនប់របស់រដ្ឋ ក្នុងខេត្តកំពង់ស្ពឺ ធ្វើឲ្យមានការលិចលង់ខ្លាំងនៅតំបន់នោះ។
នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានបញ្ជាក់ថា «ពុំមានព័ត៌មានបាក់ទំនប់របស់រដ្ឋ បណ្ដាលឲ្យទឹកជន់លិចនៅក្នុងខេត្តកំពង់ស្ពឺនោះឡើយ ហើយជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ពិសេសទំនប់របស់រដ្ឋធ្ងន់ធ្ងរនោះទេ ដូច្នេះសូមឲ្យសាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ពុំមានការព្រួយបារម្ភចំពោះបញ្ហានេះ»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានថ្លែងបញ្ជាក់ថា ព័ត៌មានដែលបានកើតឡើងនេះ គឺប្រជាពលរដ្ឋសម្ដៅទៅលើទំនប់មួយ ឈ្មោះ «ទំនប់តាស៊ុយ» ស្ថិតនៅឃុំបសេដ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានប្រះស្រាំ និងបែកធា្លយ ប៉ុន្ដែទំនប់នេះជាទំនប់ដែលកើតឡើងដោយសប្បុរសជនមួយចំនួន បានចូលជាថវិកាសម្រាប់សាងសង់ ហើយមានសមត្ថភាពផ្ទុកទឹកត្រឹមជាង២០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។ ដោយឡែក ទំនប់ដែលសាងសង់ដោយរដ្ឋផ្ទុកទឹករាប់លានម៉ែត្រគូប ពុំមានបញ្ហាអ្វីនោះទេ រាប់ទាំងនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងបណ្ដាខេត្តផ្សេងទៀត។
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដានេះ លោក ចាន់ យុត្ថា បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត មានការស្រកជាបណ្ដើរៗ ដោយសារតែផ្នែកខាងលើនៃស្ទឹងស្រែខ្លុង ក៏បានថមថយទៅហើយនោះ។ ត្រង់ចំណុចនេះ លោកពន្យល់ថា ស្ទឹងព្រែកត្នោត ទទួលទឹកពីស្ទឹងចំនួន៣ គឺទី១៖ ស្ទឹងស្រែខ្លុង, ទី២៖ ស្ទឹងតាសាល និងទី៣៖ ស្ទឹងឃ្លៀច ដែលស្ទឹងទាំង៣នេះ បានហូរមកចំណុចប្រសព្វពាមជ្រៃ ហើយនៅក្រោមចំណុចពាមព្រៃនេះ គឺស្ទឹងព្រែកត្នោតតែម្ដង។ ប៉ុន្ដែក្នុងចំណោមស្ទឹងទាំង៣ ដែលហូរចាក់មកស្ទឹងព្រែកត្នោត គឺស្ថានភាពទឹកឡើងខ្ពស់ មានតែស្ទឹងស្រែខ្លុងមួយប៉ុណ្ណោះ។
លោកបន្ដទៀតថា សម្រាប់ស្ទឹងស្រែខ្លុង ក្នុងរយៈពេល៣-៤ថ្ងៃមកនេះ ទទួលទឹកភ្លៀងជិត៤០០មីលីម៉ែត្រ ដែលធ្វើឲ្យមានការកើនឡើង ប៉ុន្ដែរហូតមកដល់ពេលនេះ មានការស្រកចុះជាបណ្ដើរៗហើយ។
កាលពីរសៀលថ្ងៃម្សិលមិញ លោក លឹម គាហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្រោយទឹកជំនន់ហាក់ហក់ឡើងខ្លាំង ដោយតំបន់ខ្លះឈានដល់ចំណុចដែលត្រូវប្រកាសអាសន្ន។
បន្ទាប់ពីបានចុះពិនិត្យដោយផ្ទាល់លើស្ថានភាពទឹកជំនន់នៅស្ទឹងស្រែខ្លុង និងស្ទឹង២ផ្សេងទៀត ដែលហូរចាក់ចូលទៅស្ទឹងព្រែកត្នោតរួចមក លោករដ្ឋមន្ត្រី បានធ្វើការណែនាំដល់ក្រុមមន្ត្រីបច្ចេកទេស ដោយបែងចែកជា៦ក្រុម ដើម្បីពិនិត្យ និងតាមដានឲ្យបានខ្ជាប់ខ្ជូនលើកបញ្ហានេះ។
បើតាមលោករដ្ឋមន្ដ្រី ក្រុមទី១៖ ត្រូវប្រចាំការតាមដានលើស្ថានភាពទឹកជំនន់ និងរបាយទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច, ក្រុមទី២៖ ត្រូវប្រចាំការនៅទ្វារទឹករលាំងជ្រៃ ហើយត្រូវបន្តបើកទ្វារទាំងអស់ទម្លាក់កំពស់ទឹកក្នុងស្ទឹងព្រែកត្នោតឲ្យទាប ដើម្បីស្រូបយកទឹកជំនន់ ពីស្ទឹងស្រែខ្លុងបានលឿន, ក្រុមទី៣៖ ដែលកំពុងប្រចាំការនៅទំនប់៧មករា (កំពង់ទួល) ត្រូវបន្តរំដោះទឹកចេញបន្ថែម ដើម្បីកុំឲ្យចាល់ទឹកដែលទម្លាក់ពីកំពង់ស្ពឺទៅ ហើយពេលទឹកពីកំពង់ស្ពឺ ទៅដល់កំពង់ទួល ក្រុមការងារត្រូវចាត់ចែងបែងចែកទឹកនេះជា០២ផ្នែក គឺមួយផ្នែកត្រូវបង្វែរចូលទៅទន្លេបាទី តាមរយៈប្រឡាយលេខ៧៨ និងតាមរយៈស្ទឹងតូច ឯមួយផ្នែកទៀត ត្រូវទម្លាក់តាមព្រែកហូរ ចូលទៅទន្លេបាសាក់។
ក្រុមទី៤ និងក្រុមទី៥៖ ត្រូវប្រចាំការតាមដានស្ថានភាពទឹក និងរបាយទឹកភ្លៀង នៅស្ទឹងតាសាល ស្ទឹងឃ្លៀច និងស្ទឹងអូរតូចៗមួយចំនួនទៀត ដែលហូរចូលស្ទឹងព្រែកត្នោត និងក្រុមទី៦៖ (ក្រុមគ្រឿងចក្រធុនធ្ងន់) ត្រូវត្រៀមលក្ខណៈ២៤ម៉ោង លើ២៤ម៉ោង ដើម្បីអន្តរាគមន៍ក្នុងករណីចាំបាច់ ក៏ដូចជាត្រៀមជួសជុលឡើងវិញជាបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលអាចរងការខូចខាតដោយទឹកជំនន់៕