(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះពិនិត្យផ្ទាល់ស្ថានភាពទឹកលិច ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ការចុះពិនិត្យផ្ទាល់ទីតាំងខាងលើនេះ មានការអមដំណើរដោយ លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀតជាច្រើនរូបទៀតផងដែរ។
ដោយឡែកស្ថានភាព ទឹកនៅព្រឹកនេះ ត្រូវបាននាយឧត្តមសេនីយ៍ ប៉ុល សារឿន បញ្ជាក់ថា មានសភាពស្រកចុះវិញហើយ ប៉ុន្ដែភ្លៀងនៅបន្ដធ្លាក់បន្ដិចបន្ទួច។ ដោយសារតែស្ថានទឹកស្រកបែបនេះ ការធ្វើចរាចរណ៍ត្រូវបានអនុញ្ញាតឲ្យដំណើរការធម្មតាសម្រាប់រថយន្ដតូចៗ ចំណែករថយន្ដធុនធំ មិនទាន់បានអនុញ្ញាតឲ្យធ្វើចរាចរណ៍នៅឡើយទេ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានស្រកចុះបន្តិចវិញហើយ បើទោះជាភ្លៀងនៅតែបន្តធ្លាក់។ ដោយឡែក ចំពោះសុវត្ថិភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៃជំនន់ទឹកភ្លៀងនេះ មិនទាន់មានបញ្ហាធ្ងន់ធ្ងរអ្វីឡើយគ្រាន់តែពួកគាត់មិនអាចចេញទៅរកស៊ីដូចធម្មតាបានប៉ុណ្ណោះ។
ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពានទាំងស្រុងហើយ។ ដោយឡែកផ្នែកនៅខាងកើតស្ពាន ទឹកមិនទាន់ស្រកផុតផ្លូវជាតិនៅឡើយទេ ដោយនៅបន្តហូរកាត់ផ្លូវប្រវែងប្រមាណ ១០០ ម៉ែត្រ ក្នុងកម្ពស់ ០,៣ម៉ែត្រ ទៅ០.២ម៉េត្រទៀត។
ទាំងសមត្ថកិច្ច និងអាជ្ញាធរ បានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរទៅ ខេត្តព្រះសីហនុ សូមវាងតាមផ្លូវជាតិលេខ៤១ និងឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤ នៅបន្តបិទចរាចរណ៍ជាបណ្តោះអាសន្ននៅឡើយ ដោយសារតែទឹកនៅបន្តជន់លិច៕