(កំពង់ចាម)៖ អនុប្រធានក្រុមការងារស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក ឡូវ សុខសាន បានបន្ដជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ និងហូបបបរសាមគ្គី ក្រោមទិសស្លោក «ប្រទេសជាតិ មានសុខសន្ថិភាព និងការអភិវឌ្ឍ»។
តំណាងប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច បានសំដែងនូវការត្រេកអរ និងដឹងគុណដែលជានិច្ចជាកាល លោក ឡូវ សុខសាន បាននាំមកនូវការជួយឧបត្ថម្ភជាច្រើន នាពេលកន្លងមក ដែលជាវប្បធម៌ចែករំលែក ចេះយោគយល់អធ្យាស្រ័យ ព្រមទាំងចេះជួយប្រជាពលរដ្ឋ ក្នុងគ្រាលំបាកតាមរូបភាពជាច្រើន នាពេលនេះបានរៀបចំកម្មវិធីជួបជុំហូបបបរសាមគ្គី មានទាំងភេសជ្ជគ្រប់មុខ ក្នុងន័យប្រទេសជាតិ មានសុខសន្ថិភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះ លោក ឡូវ សុខសាន បាននាំនូវការផ្ដាំផ្ញើពី រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នីតិកាលទី៦ខាងមុខនេះ នឹងបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ៗរូប មានឱកាសរកប្រាក់ ចំណូលបានកាន់តែច្រើនជាងមុន ដោយឡែកនាពេលកន្លងទៅថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ ចេញនូវសារសំខាន់ៗ៩ចំណុច ដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ពន្ធអនុវត្តឲ្យមានប្រសិទ្ធភាព។
ចំណុចសំខាន់ទាំង៩ចំណុចនោះរួមមាន៖ ទី១៖ត្រូវអនុវត្តប្រាក់ខែអប្បបរិមា១៧០ដុល្លា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ, ទី២៖ត្រូវអនុវត្តការចុះពិនិត្យ នៅតាមមន្ទីរពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាលកម្មករ កម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិឃុំក៏ត្រូវបានអនុវត្តដូចគ្នា, ទី៣៖ទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយទទួលបានប្រាក់ខែ១២០ភាគរយ (៥០ដោយក្រុមហ៊ុន និង៧០ភាគរយដោយបេឡាជាតិ), ទី៤៖ត្រូវអនុវត្តចំពោះកម្មការិនី សម្រាលបានកូន, ទី៥៖ចំពោះរបបសសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ កម្មករ កម្មការនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស១០០ភាគរយ, ទី៖៦អនុវត្តតាមដានមើលបញ្ហាទឹកភ្លើង គឺត្រូវខិតខំបន្តតទឹកតភ្លើងដល់ផ្ទះកម្មករ ដែលនៅឆ្ងាយដែល មិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតម្លៃជួលផ្ទះដល់កម្មករ កម្មការិនីកុំឲ្យមានការឡើងថ្លៃ, ទី៧៖អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ២០១៩ទៅកម្មករ និងទទួលបានប្រាក់ចូលនិវត្តន៍ ដូច្នេះក្នុងរយៈពេល១ឆ្នាំ និងត្រៀមរៀបចំដើម្បីដំណើរការបានល្អ នៅក្នុងឆ្នាំ២០១៩ នូវរបបសោធននិវត្តន៍នេះ, ទី៨៖ចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗ ដែលពលករទៅក្រៅប្រទេសជួយសម្រួល នូវបែបបទ លិខិតបទដ្ឋានច្បាប់នានា និងដើម្បីទទួលបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងទី៩៖ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗ ឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា៕