(កំពង់ធំ)៖​ លោក​ ហ៊ុន​ ម៉ាណែត​ សមាជិកគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​ និងជាអនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល​ រួមជាមួយលោក​ ថោង​ ខុន​ ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍​ និងលោក​ សុខ​ លូ​ ប្រធានគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ធំ​ បានចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សចំនួន១,១៤៩នាក់ នៅស្រុកបារាយណ៍​ ខេត្តកំពង់ធំ។

ពិធីនេះធ្វើឡើងនាថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០១៨។ លោក ថោង ខុន បានឱ្យដឹងថា យុវជនគឺជាកម្លាំងចលករដ៏សំខាន់ក្នុងសង្គមជាតិ ហើយរួមចំណែកដល់ការអភិវឌ្ឍន៍រីកចម្រើនរបស់មាតុភូមិលើគ្រប់វិស័យ ក្នុងនោះវិស័យនយោបាយជាកត្តាសំខាន់ក្នុងក្របខណ្ឌនៃប្រទេស ដែលកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ សម្រាប់ពេលកន្លងមក ក៏ដូចជាពេលខាងមុខនេះ បណ្ដោគណបក្សនយោបាយ អង្គការសង្គមស៊ីវិល តែងតែច្បាមមុខសញ្ញាយុវជន ដើម្បីធ្វើសកម្មភាពគាំទ្រដល់គណបក្ស និងជាមុខសញ្ញាដែលអង្គការសង្គមស៊ីវិល និងសមាគមនានាតែងយកចិត្តទុកដាក់ធ្វើសកម្មភាព។

ក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ យើងសង្កេតឃើញថា យុវជនគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានដើរតួនាទីជាកម្លាំងស្រួចក្នុងការស្វែងរកសំឡេងឆ្នោត ការបង្រៀនគូសសន្លឹកឆ្នោត ការតាមដាននូវរាល់សកម្មភាពរបស់បក្សដទៃ និងការប្រតិកម្មឆ្លើយតបរហ័សចំពោះសកម្មភាព ការរារាំងអំពើមូលបង្កាច់ ឬអំពើខុសច្បាប់ណាមួយរបស់បក្សដទៃ។

លោកបានបង្ហាញការប្ដេជ្ញាថា ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវរួមគ្នាការពារសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាឱ្យបាន ហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាទីកក់ក្ដៅទុកចិត្ត និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាជនគ្រប់រូប។ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្ដេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស និង ឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត បានលះបង់សាច់ស្រស់ឈាមស្រស់ និងហ៊ានពលីជីវិត ដើម្បីងើបឡើងតស៊ូរំដោះជាតិពីរបបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានផ្ដើមស្ដារ និងកសាងប្រទេសចាប់ពីបាតដៃទទេរ រហូតដល់មានការរីកចម្រើនដល់សព្វថ្ងៃនេះ។

លោកថា​ ក្នុងនាមយើងជាមន្ត្រីគណបក្ស យុវជនគណបក្ស និងសមាជិក-សមាជិកាគណបក្សត្រូវរួបរួមគ្នា ការពារដាច់ខាតនូវរាល់ស្នាដៃ និងសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនបានខិតខំកសាងឡើង និងប្ដេជ្ញាគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។

ជាមួយគ្នានោះ​ លោក​ ហ៊ុន​ ម៉ាណែត​ បានឱ្យដឹងថាសន្តិភាព​ និងស្ថិរភាពសង្គម​ គឺជាអ្វីគ្រប់យ៉ាង​ បើគ្មានសន្តិភាព​ ស្ថិរភាព​ កម្ពុជាមិនអាចធ្វើអ្វីបានឡើយ។ ដូច្នេះយុវជនបក្សត្រូវតែស្វែងយល់អំពីបក្ស​ ស្វែងយល់ពីខ្លួន​ និងស្វែងយល់ពីប្រជាពលរដ្ឋ​ ដែលស្រលាញ់បក្សដោយហេតុផលសំខាន់​ រួមមាន៖​ ការតស៊ូលះបង់តស៊ូរំដោះប្រទេសជាតិឱ្យផុតពីសង្គ្រាម​ មានភាពចាស់ទុំខាងនយោបាយ​ បានបន្សល់ទុកស្នាដៃជាតិជាច្រើនរបស់បក្ស​ ដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើន​ មានថ្នាក់ដឹកនាំដែលមានទំនួលខុសត្រូវ​ រួមសុខរួមទុក្ខជាមួយប្រជាជន​ គណបក្សបានផ្ដល់ភាពកក់ក្ដៅ​ បម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ​ មិនមែនទាល់តែជិតបោះឆ្នោតបានដើរសន្យាជាមួយប្រជាជននោះទេ។

លោកបន្តថា​ ប្រមុខដឹកនាំរាជរដ្ឋាភិបាល​ ដែលមានសម្ដេចតេជោ​ ហ៊ុន​ សែន​ និងថ្នាក់ដឹកនាំក្រុមការងារគ្រប់កន្លែង​បានបម្រើប្រជាជនបានយ៉ាងល្អ។ លើសពីនេះយើងមានគោលនយោបាយបក្សបានបង្កើត​ និងផ្ដល់ឱកាសសិក្សា​ ឱកាសការងារដល់យុវជន​ កម្មករកម្មការិនី​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ បានទទួលប្រាក់បៀវត្សសមរម្យ​ ប្រជាជនឱ្យមានជីវភាពធូរធា៕