(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បាននាំប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាល សរុប៥០០នាក់ មកជិះរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង។
ការរៀបចំប្រជាពលរដ្ឋកោះធំឲ្យធ្វើដំណើរតាមរថភ្លើងនេះ ក្នុងគោលបំណងជំរុញឲ្យមានការគាំទ្រការធ្វើដំណើរតាមរថភ្លើងភាគខាងជើងរាជធានីភ្នំពេញ (ភ្នំពេញ-ប៉ោយប៉ែត) ដែលរាជរដ្ឋាភិបាលកម្ពុជាទើបនឹងតភ្ជាប់ឡើងវិញទាំងស្រុងកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្រោយពីខកខានដំណើរការអស់ជាច្រើនឆ្នាំ។
ការនាំប្រជាពលរដ្ឋមកជិះរថភ្លើងនេះ ក៏ចង់បង្ហាញប្រជាពលរដ្ឋពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញប្រព័ន្ធផ្លូវដែករបស់កម្ពុជា ដែលត្រូវបានខកខានដំណើរ និងបំផ្លាញចោលនៅក្នុងសម័យសង្គ្រាម។ បន្ថែមពីលើនេះទៀតចង់ឲ្យប្រជាពលរដ្ឋក្នុងស្រុកកោះធំ បានស្គាល់រសជាតិនៃការធ្វើដំណើរតាមរថភ្លើង ដែលពួកគាត់ភាគច្រើនបំផុតមិនដែលបានធ្វើដំណើរតាមផ្លូវរថភ្លើងនេះឡើយ។
សូមបញ្ជាក់ថា កំណាត់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។
កំណាត់ផ្លូវដែកចាប់ពីប៉ោយប៉ែត រហូតដល់រាជធានីភ្នំពេញ ត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញទាំងស្រុងកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។ ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ ៩៦.៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះទឹកប្រាក់ ៨៣.៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល៕