(ភ្នំពេញ)៖ ទឹកចិត្តនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣៧១នាក់ បានផុលផុសនូវភាព សប្បាយរីករាយ ពេញចិត្តគ្រប់គ្នា ពេញមួយថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ ព្រោះតែពួកគាត់ បានសំណូមពរ សុំឲ្យបានថតរូបអនុស្សាវរីយ៍ គ្រប់ៗគ្នាជាមួយលោកមេបញ្ជាការផ្ទាល់ គឺលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ពេលពួកគាត់ ទទួលបានការ តែងតាំងមុខងារ និង ដំឡើងឋានន្តរសក្តិ។ នេះគឺជាលើកទី៤ហើយ ក្នុងឆ្នាំ២០១៨ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីដោយផ្ទាល់ ក្នុងការប្រគល់សេចក្តីសម្រេចតែងតាំងមុខងារ និងបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងចំណាយពេលថតរូប ជាមួយពួកគាត់ម្តងម្នាក់ៗ រហូតទាល់តែបានគ្រប់គ្នាតាមសំណូមពរ បន្ទាប់ពីបានបំពាក់ជូន បីលើករួចមក កាលពី ថ្ងៃទី០៧, ទី១០ ខែមេសា និង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ សរុបកើនឡើងដល់ទៅ៨៤០នាក់ និងនៅមានបំពាក់ជូនជាបន្តបន្ទាប់ទៀត។ អ្វីដែលប្លែកជាងគេគឺ សមាជិកវរអន្តរាគមនន៍លេខ១ នៃកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ឃុន ឌីម៉ា ដែលជាកីឡាករប្រដាល់ក្បាច់គុណបុរាណខ្មែរជម្រើសជាតិ និងជាម្ចាស់មេដាយមាស ស៊ីហ្គេមឆ្នាំ២០១៧ផងនោះ ត្រូវបានថ្នាក់ដឹកនាំ ដំឡើងឋានន្តរសក្តិជាបន្តបន្ទាប់ ផ្ទួនៗគ្នាផងដែរ។
ថ្លែងក្នុងពិធីនាថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ដោយមាន ការដឹកនាំ ប្រកបដោយភាពប៉ិនប្រសព្វឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ព្រមទាំង ការប្រឹងប្រែងរបស់បងប្អូនកន្លងមក ក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងការអនុវត្តន៍ការងារ ទទួលបានជោគជ័យនិងស្នាដៃជាច្រើន ទើបថ្នាក់ដឹកនាំ បានសម្រេចប្រគល់ភារកិច្ចថ្មីនិងដំឡើង ឋានន្តរសក្តិ ជូនដល់បងប្អូនជាបន្តបន្ទាប់។
ដូច្នេះសូមបងប្អូនអាវុធហត្ថរាជធានីភ្នំពេញយើងទាំងអស់ ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើរតាមមាគ៌ាដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារទៅតាមច្បាប់វិន័យកងទ័ព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ ល្អជាប្រចាំ ធ្វើខ្លួនជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា និងត្រូវប្តូរផ្តាច់ ថែរក្សា ការពារ សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឲ្យនៅ គង់វង្សរីកចម្រើន តទៅមុខជានិរន្តរ៍ ជាពិសេស ត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឲ្យមាន បដិវត្តពណ៌ កើតឡើងជាដាច់ខាត។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រើនរំលឹកដល់ អាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ រួមជាមួយ បងប្អូន ក្រុមគ្រួសារសាច់ញាត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមបំពេញកាតាព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នាកុំបីខាន៕