(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យលិចលង់ភូមិចំនួន២៦ ក្នុងឃុំចំនួន៨ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយប្រជាពលរដ្ឋចំនួន២៣០គ្រួសារស្មើនឹង៦៨៩នាក់ (ស្រី៣១៦នាក់) ត្រូវបានជម្លៀសចេញ ទៅរកទីទួលមានសុវត្ថិភាព។
អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា គ្រោះធម្មជាតិមួយនេះក៏បានធ្វើឲ្យប៉ះពាល់ និងខូចខាតផ្លូវក្រាលកៅស៊ូពីរជាន់បណ្តោយ៣៥០ម៉ែត្រ, លិចលង់ស្រូវ១១៥៧ហិកតា, ដំណាំស្វាយ២៣២ហិកតា , បាក់ទំនប់០២កន្លែង និងបាត់គោ០៧ក្បាល។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈជាប្រចាំ ដើម្បីជួយអន្តរាគមន៍ នៅពេលប្រជាពលរដ្ឋមានបញ្ហាដោយសារគ្រោះធម្មជាតិមួយនេះ។
នៅរសៀលថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋថា ដោយសារតែភ្លៀងបន្ដធ្លាក់ជាប់ៗគ្នា បណ្ដាលឲ្យកម្រិតទឹកនៅស្ថានីយ៍វាស់ទឹកពាមឃ្លៃ ឡើងដល់កម្រិតខ្ពស់៧.៣០ម៉ែត្រ ដែលជាកម្រិតអាចនឹងបង្កឲ្យមានទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត និងតំបន់មួយចំនួនទៀត។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថានភាពទឹកកាន់តែឡើងខ្ពស់នេះ អាចបង្កផលប៉ះពាល់ដល់ផ្ទៃដីបង្កបង្កើនផល លំនៅដ្ឋាន ទ្រព្យសម្បត្តិ អាយុជីវិត និងអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ពីជំងឺរាតត្បាតផ្សេងៗ។
បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះ និងកុមារតូចៗ និងពិនិត្យតាមដានសភាពការណ៍កម្រិតទឹក នៅតាមភូមិសាស្ដ្រខាងលើឲ្យបានខ្ជាប់ខ្ជួន៕