(កំពង់ចាម)៖ ក្នុងឱកាសចុះឃោសនារកសំឡេងឆ្នោត នៅស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតនៅអាណត្ដិទី៦ ដើម្បីបន្ដការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យជីវភាពគ្រួសារ កាន់តែប្រសើរឡើង ។
លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងទៅកាន់ប្រជាពលរដ្ឋជាង៧០០នាក់ នៅភូមិព្រៃចារក្នុង ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះទៀតថា ក្រៅពីសមិទ្ធផលជាច្រើន ដែលពលរដ្ឋគ្រប់គ្នាទទួលបាន បន្ទាប់ពីមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា គឺមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវស្ពាន់ ផ្លូវដែក ផ្លូវគោក, សាលារៀន, មន្ទីរពេទ្យ, សំណង់ធារាសាស្ដ្រ, វត្ដអារ៉ាម, ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការទាញយកអ្នកវិនិយោគិន ពីក្រៅប្រទេស មានរោងចក្រសហគ្រាសជាតិអន្ដរជាតិ ជាច្រើន អាគារខ្ពស់ៗ ពិសេសនោះ គឺដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ តាមភូមិ-ឃុំ កាន់តែប្រសើរឡើងថែមទៀត។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានបញ្ជាក់ទៀតថា «សូមពុកម៉ែបងប្អូន បន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំ យើងខ្ញុំនឹងបន្តជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទប្រកបដោយគុណភាព និងភាពទំនើប ជាងមុន ពីទីប្រជុំជនទៅគ្រប់ភូមិ នៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាលពិសេស នឹងបន្តកសាងហេដ្ឋារចនា សម្ព័ន្ធថ្មីៗបន្ថែមទៀត ការកែលម្អផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ឬកសិផលរបស់បងប្អូន ពិសេសការនាំយកនូវរោងចក្រជាច្រើនទៀត មកស្រុកជើងព្រៃទាំងម្ដង» ។
ទន្ទឹមនឹងនោះលោកបណ្ឌិត បានឲ្យដឹងផងដែរថា ជាក់ស្ដែង នៅស្រុកជើងព្រៃ មានរោងចក្រ៧ ក្នុងនោះមានកម្មករ២០,៣៩០នាក់ ទទួលបានចំណូល១ខែ ជាង៤លានដុល្លារ សម្រាប់ប្រជាជន នៅស្រុកជើងព្រៃ។ ក្រុមហ៊ុនទិញស្រូវ «អេមរុរាយស៍» បានចុះកុងត្រា ទិញស្រូវចំនួន ៧,៥០០តោន ក្នុង១ឆ្នាំ ដោយក្នុងតម្លៃខ្ពស់ សម្រាប់ស្រុកចំនួន៣ នៅខេត្តកំពង់ចាម រួមមាន៖ ស្រុកជើងព្រៃ, ស្រុកបាធាយ, ស្រុកព្រៃឈរ។
លោកបណ្ឌិតក៏បានសន្យាថា នឹងនាំមកនូវរោងចក្រឲ្យកាន់តែច្រើន ហើយឆ្នាំក្រោយនេះ កម្មករត្រូវការជាង១ម៉ឺននាក់ សម្រាប់ស្រុកជើងព្រៃ ថែមទៀត, និងទិញកសិផលស្រូវ ពីបងប្អូនកសិករ ក្នុងតម្លៃសមរម្យ, ដោះស្រាយការលំបាក របស់ពុកម៉ែបងប្អូន នៅស្រុកជើងព្រៃ ជារៀងរាល់ថ្ងៃផងដែរ៕