(កំពង់ចាម)៖ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្ដេជ្ញាយ៉ាងម៉ុតមាំថា នឹងបន្ដបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេស ថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន។
ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាជាមួយតំណាងក្រុមការងារបង្គោលស្រុកជើងព្រៃ អំពីផែនការដង្ហែក្បួនរួម នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយទទួលបន្ទុកលើការងារយុវជន និងលោក ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ។
បន្ទាប់ពីកិច្ចប្រជុំចប់ រសៀលថ្ងៃដដែលលោក ឈឹម សារ៉េត និងលោក ឡាវ វ៉ាន់ បានបន្តចុះជួបសំណេះសំណាល និងចុះតាមខ្នងផ្ទះ ជាមួយប្រជាពលរដ្ឋ និងយុវជនបក្ស ក្នុងភូមិត្របែក ឃុំជើងព្រៃ និងភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាមផងដែរ។
នៅក្នុងឱកាសនោះលោក ឈឹម សារ៉េត បានថ្លែងថា សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ មិនមែនកើតឡើងដោយចៃដន្យទេ ក៏ប៉ុន្តែគឺកើតចេញពីការបូជា លះបង់របស់យុវជនជំនាន់មុន និងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ប្រកបដោយផែនការច្បាស់លាស់ និងទស្សនៈវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។
លោកបន្តថា ពាក្យថា សន្តិភាព គឺសាមញ្ញទេ ប៉ុន្តែវាមានអត្ថន័យស៊ីជម្រៅ ហើយទម្រាំទទួលបានសន្តិភាពនេះ គឺមានការលំបាកខ្លាំងណាស់។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍហើយសន្តិភាព បានបង្កើតឱកាសសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតការងារ បង្កើនប្រាក់ចំណូល ជូនប្រជាជនកម្ពុជា ជាពិសេសយុវជន និងពង្រឹងសេដ្ឋកិច្ចក្រុមគ្រួសារកាន់តែរីកចម្រើន និងបានបង្កើតឱកាសសម្រាប់រាជរដ្ឋាភិបាល ដើម្បីធ្វើសមាហរណកម្ម ចូលក្នុងសហគមន៍អន្តរជាតិ និងទទួលបានការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់បណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។
បន្ថែមពីនេះលោក ឡាវ វ៉ាន់ បានបញ្ជាក់ផងដែរ ក្នុងនាមជាយុវជនរបស់គណបក្ស ត្រូវចូលរួមការពារ ថែរក្សានូវសមិទ្ធផលនានារបស់គណបក្ស ហើយដើម្បីថែរក្សាសមិទ្ធផលទាំងនេះ យុវជនត្រូវមានទំនុកចិត្ដខ្ពស់ ចូលរួមសហការជាមួយក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ឲ្យការងាររបស់បក្ស ទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងគាំទ្រលើការដឹកនាំរបស់គណបក្ស តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ អាណត្ដិទី៦នេះ។
លោកអនុប្រធានក្រុមការងារ ក៏បានលើកទឹកចិត្ត ដល់យុវជនបក្សត្រូវមានមោទនភាពចំពោះខ្លួនឯង ចំពោះគណបក្ស ការធ្វើការជូនបក្សមិនខុសពីធ្វើការ ជូនខ្លួនឯងនោះទេ ព្រោះបានចូលរួមនាំមកនូវការអភិវឌ្ឍ និងការពារសន្តិភាពទូទាំងប្រទេស ហើយគោលនយោបាយរបស់បក្ស ក្លាយជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍដែលទាំងអស់គ្នាបានឃើញនៅពេលនេះ និងបន្តអភិវឌ្ឍន៍បន្ថែមទៀតនៅពេលអនាគត៕