(ភ្នំពេញ)៖ បន្ទាប់ពីមានកិច្ចប្រជុំ ជាមួយក្រសួងពាណិជ្ជកម្ម រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញអង្ករ និងភាគីពាក់ព័ន្ធលើបញ្ហាថ្លៃស្រូវអ៊ីអ៊ែ រួចមក ធនាគារអភិវឌ្ឍន៍ជនបទ បានពិនិត្យឃើញថា ថ្លៃស្រូវអ៊ីអ៊ែតាមបណ្តាខេត្ត ដែលផលិតស្រូវប្រភេទនេះ មានស្ថានភាពប្រែប្រួលជាវិជ្ជមាន ដោយគិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្រូវអ៊ីអ៊ែ មានថ្លៃប្រែប្រួលតាមតំបន់មួយចំនួន។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ថ្លៃស្រូវអ៊ីអ៊ែ នៅតាមបណ្តាខេត្តមានស្ថានភាពល្អ នៅតែផ្តល់ផលចំណេញដល់ប្រជាកសិករ ដោយមានតម្លៃ៖
១៖ តំបន់ខេត្តកំពង់ធំ មានតម្លៃចន្លោះពី៧៩០រៀល ទៅ៨០០រៀល ក្នុង១គីឡូក្រាម
២៖ តំបន់ខេត្តកណ្តាល មានតម្លៃចន្លោះពី៨០០រៀល ទៅ៨៣០រៀល ក្នុង១គីឡូក្រាម
៣៖ តំបន់ខេត្តតាកែវ មានតម្លៃចន្លោះពី៨០០រៀល ទៅ៨៥០រៀល ក្នុង១គីឡូក្រាម
៤៖ តំបន់ខេត្តព្រៃវែង មានតម្លៃចន្លោះពី៧៩០រៀល ទៅ៨០០រៀល ក្នុង១គីឡូក្រាម
ធនាគារអភិវឌ្ឍន៍ជនបទបញ្ជាក់ទៀតថា ក្នុងតម្លៃដូចខាងលើនេះ គឺជាតម្លៃដែលនៅតែមានស្ថានភាពល្អ និងមានផលចំណេញដល់ប្រជាកសិករនៅឡើយ បើធៀបទៅនឹងថ្លៃដើម នៃការដាំដុះស្រូវជាមធ្យមចំនួន២,៨០០,០០០រៀល ក្នុងមួយហិចតា រួមមាន ថ្លៃភ្ជួររាស់ដី ថ្លៃពូជ-ជី-ថ្នាំ ថ្លៃច្រូតកាត់ និងថ្លៃដឹកជញ្ជូនជាដើម។
ធនាគារអភិវឌ្ឍន៍ជនបទ សង្កត់ធ្ងន់ថា «ជាទូទៅទិន្នផលស្រូវអ៊ីអ៊ែ ទទួលបានជាមធ្យម៦តោន ក្នុង១ហិកតា ហើយថ្លៃស្រូវបច្ចុប្បន្នជាមធ្យម៨០០រៀល ក្នុង១គីឡូក្រាមនោះ ផលចំណូលក្នុងពីការលក់ស្រូវ ក្នុងមួយហិកតា ស្មើនឹង៤,៨០០,០០០រៀល ផាត់ទាត់ជាមួយថ្លៃដើម នៃការផលិតជាមធ្យមចំនួន ២,៨០០,០០០រៀល គឺប្រជាកសិករនៅតែទទួលបាន ប្រាក់ចំណេញជាមធ្យមចំនួន ២,០០០,០០០រៀល ក្នុង១ហិកតា»៕