Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ១១២គ្រួសារ ដែលតវ៉ាទាមទារដីនៅតំបន់ស្វាយជ្រុំ ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ក្រោយអន្តរាគមន៍ជួយដោះស្រាយបញ្ចប់បញ្ហាដីធ្លី ជូនពួកគាត់

18-07-2018 17:55

(ព្រះវិហារ)៖ ប្រជាពលរដ្ឋ១១២គ្រួសារ ដែលតវ៉ាទាមទាដីនៅតំបន់ស្វាយជ្រំ បានចេញលិខិតថ្លែងអំណរគុណមួយដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។ នេះបើយោងតាមលិខិតថ្លែងអំណរគុណ ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ។

ក្នុងលិខិតថ្លែងអំណរគុណ បានបញ្ជាក់ថា «យើងខ្ញុំតំណាងឲ្យប្រជាពលរដ្ឋចំនួន១១២គ្រួសារ ដែលទាមទារចូលទៅរស់នៅក្នុងតំបន់ស្វាយជ្រុំ ពេលនេះពួកគាត់មានក្តីរំភើបរីករាយយ៉ាងក្រៃលែងបំផុត និងដឹងគុណយ៉ាងស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានសម្រេចដោះស្រាយដីជូនពួកគាត់បានទៅរស់នៅសមរម្យក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារវិញ ដើម្បីបញ្ចប់ការទាមទារដីនៅតំបន់ស្វាយជ្រុំ»

បើតាមលិខិតដដែល ការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ទីតាំងដីសមស្របស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ជូនប្រជាពលរដ្ឋតវ៉ានេះ សរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ អំពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋទាំងអស់ សូមប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំជានាយករដ្ឋមន្ត្រី នៃអាណត្តិបន្តបន្ទាប់ទៀត ពិសេសគឺនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃនេះថា មុននឹងប្រជាពលរដ្ឋទាំង១១២គ្រួសារនេះ សម្រេចយល់ព្រមទទួលយកដី នៅភូមិធម្មជាតិសម្តេចតេជោនេះ។ លោកបានធ្វើការប្រជុំជាមួយនឹងពួកគាត់ចំនួន៣លើក មិនតែប៉ុណ្ណោះលោកបាននាំពួកគាត់ ទៅពិនិត្យទីតាំងដីជាក់ស្តែងសម្រាប់បែងចែកទៀតផង ទើបធ្វើឲ្យពួកគាត់យល់ព្រមបញ្ចប់ការទាមទាដីនៅតំបន់ស្វាយជ្រំ។

លោកអភិបាលខេត្ត បានបន្តទៀតថា ដីដែលគ្រោងធ្វើការបែងចែកជូនប្រជាពលរដ្ឋគឺមាន៧០ហិកតា ប៉ុន្តែពេលនេះគឺមិនទាន់ធ្វើការបែងចែកជូនពួកគាត់នៅឡើយទេ ដោយរង់ចាំធ្វើការត្រួតពិនិត្យមើលបញ្ជីឈ្មោះ និងធ្វើការដោះមីនសិន៕