(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនពលរដ្ឋចំនួន៥៥៦ប័ណ្ណ នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្តរតនគិរី បានឲ្យដឹងថា ការទទួលបានប័ណ្ណនាឱកាសនេះ គឺជាគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានសម្រេចកាត់ជូនប្រជាពលរដ្ឋ ក្នុងពេលសម្តេចចុះមកខេត្តរតនគិរី កាលពីពេលកន្លងទៅ និងការខិតខំប្រឹងប្រែង របស់មន្ត្រីពាក់ព័ន្ធទាំងអស់ បានធ្វើការចុះវ៉ាស់វែងជូន។
ទន្ទឹមនឹងការទទួលបានប័ណ្ណនេះ លោក ថង សាវុន ស្នើឲ្យប្រជាពលរដ្ឋថែរក្សាប័ណ្ណកម្មសិទ្ធិនេះឲ្យបានល្អ និងប្រើប្រាស់ឲ្យចំគោលដៅ។
ក្នុងនោះដែរ លោកបានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបំពេញជាកាតព្វកិច្ច ជាប្រជាពលរដ្ឋកម្ពុជា និងជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត សម្រាប់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៕