(បាត់ដំបង)៖ នាថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សី និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានបន្តកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៧៦នាក់ នៅឃុំកកោះ និងឃុំជ្រៃ ដោយមានការចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី។
លោក អង្គ វង្ស វឌ្ឍានា ក៏បានរំលឹកផងដែរថា ប្រទេសកម្ពុជា មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ ដោយសារតែការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ហើយការអភិវឌ្ឍទាំងអស់នេះ មិនមែនត្រឹមតែជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះទេ តែក៏កើតចេញពីការចូលរួមចំណែករបស់ប្រជាជនគ្រប់រូប។
នៅក្នុងឱកាសនៃកម្មវិធីសំណេះសំណាលនេះ លោក អង្គ វង្ស វឌ្ឍានា បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាព ជូនប្រជាជនកម្ពុជាជានិច្ច ហើយសុខសន្តិភាពគឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការបង្កលក្ខណៈអំណោយផលដល់ប្រជាពលរដ្ឋប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយរាជរដ្ឋាភិបាលក៏មានឱកាសគ្រប់គ្រាន់ក្នុងការគិតគូរ និងយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ក៏ដូចជាសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានគោលនយោបាយច្បាស់លាស់ប្រកបដោយភាពប្រាកដនិយម ក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។
លោកក៏បានអំពាវនាវឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០។
ឆ្លៀតក្នុងឱកាសនេះដែរ លោក អង្គ វង្ស វឌ្ឍានា ក៏បានជួបសំណេះសំណាលជាមួយប្រធាន និងអនុប្រធានក្រុមការងារតាមភូមិ-ការិយាល័យបោះឆ្នោត ប្រមាណ២០០ នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅឃុំព្រៃតូច ឃុំតាលាស់ ឃុំជ្រៃ និងឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីពិភាក្សាអំពីលទ្ធផលរបស់ក្រុមការងារនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាកន្លងមក ព្រមទាំងដាក់ទិសដៅសកម្មភាពដល់ក្រុមការងារឱ្យបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបង្រៀនប្រជាពលរដ្ឋអំពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ព្រមទាំងបន្តការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕