(សៀមរាប)៖ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួល អាជ្ញាធរខេត្តសៀមរាប នឹងបើកឲ្យដំណើរការអង្គភាព ច្រកចេញចូលតែមួយរបស់សាលាខេត្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលមានសេវាជាង៣៧០ប្រភេទ។
ការដាក់ឲ្យដំណើរការនេះ ក្នុងគោលបំណងលើក កម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈនៃការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅ នឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរជំនាញ ដើម្បីរៀបចំដំណើរការអង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នំា២០១៨នេះថា ការដាក់ចេញឲ្យអនុវត្តនូវអនុក្រឹត្យ និងលិខិតបទដ្ឋានស្តីពី ការបង្កើត យន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
លោក លី សំរិទ្ធ បានបញ្ជាក់ថា ការដាក់ឲ្យអនុវត្តនូវយន្តការនេះ នឹងរួមចំណែកសម្រេចបាននូវចក្ខុវិស័យ នៃគោលនយោបាយផ្តល់សេវាសាធារណៈ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។
លោកអភិបាលរង បន្ថែមថា បន្ទាប់ពីការអនុវត្តសាកល្បងការិយាល័យ ច្រកចេញចូលតែមួយ ក្នុងឆ្នាំ២០១៥ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍នានា ក្រសួងមហាផ្ទៃ បានសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធនានា បង្កើតបានជាបន្តបន្ទាប់នូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ គោលដៅ ដើម្បីប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមរយៈការធ្វើប្រតិភូកម្មមុខងារ ក្នុងការផ្តល់សេវារដ្ឋបាល ចំនួនប្រមាណជាង២០០ប្រភេទ ពីក្រសួងស្ថាប័នចំនួន១០។
ថ្នាក់ដឹកនាំខេត្តសៀមរាប បានជំរុញមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលមន្ទីរជំនាញបញ្ជូនឲ្យមកបំពេញការងារនៅក្នុងច្រកនេះ ត្រូវយកចិត្តទុកដាក់ធ្វើការងារបានល្អ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត លើកការផ្តល់សេវាសាធារណៈរបស់រដ្ឋ។
សូមបញ្ជាក់ថា ខេត្តសៀមរាបបច្ចុប្បន្ននេះ មានការិយាល័យច្រកចេញចូលតែមួយចំនួន៣ហើយ គឺមាននៅក្រុងសៀមរាប ស្រុកពួក និងជីក្រែង ហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ខេត្តដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលមួយទៀត និងគ្រោងបើកនៅតាមបណ្តាស្រុកចំនួន២ទៀត គឺស្រុកសូទ្រនិគម និងស្រុកក្រឡាញ់៕