(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ចាម បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ហើយមិនលើកលែងចំពោះមន្ត្រីអសកម្ម ដែលបម្រើប្រជាពលរដ្ឋមិនបានល្អ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ការអះអាងរបស់លោកប្រធាន បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសំឡេងឆ្នោតនៅក្នុងឃុំបារាយណ៍នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់។
«ខ្ញុំសូមធានាថា បើសិនគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល យើងនឹងកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការអនុវត្តអភិបាលកិច្ចល្អ និងកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ! មន្ត្រីអសកម្ម នឹងទទួលរងការដាក់ពិន័យផ្នែករដ្ឋបាល ហើយបើកំហុសប្រព្រឹត្តិធ្ងន់ធ្ងរ នឹងត្រូវវះកាត់ចោលតែម្តង!»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
ក្នុងឱកាសនោះបេក្ខជនតំណាងរាស្ត្រ ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក សមាជិកា អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយទាំង ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ ព្រមទាំងបានថ្លែងនូវសារនយោបាយរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលផ្តោតសំខាន់លើសមិទ្ធផលធំៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
បន្ថែមលើនេះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមតំណាងរាស្ត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត។
គួររំលឹកដែរថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធផលរយៈពេល ៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ស៊ីជម្រៅ បន្ថែមលើភារកិច្ចរបស់មន្ត្រីនៅក្នុងជួររាជរដ្ឋាភិបាល។ ក្នុងនោះ សម្តេចបានដាស់តឿន និងព្រមានមន្ត្រីអសកម្មទាំងឡាយ ឱ្យកែប្រែទម្លាប់ធ្វើការ ដោយបន្ថែមចំណុច «វះកាត់» ទៅក្នុងអភិក្រមកំណែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»៕