(សៀមរាប)៖ អំឡុងឆ្នាំ២០១៧ និងឆមាសទី១ ឆ្នាំ២០១៨ មានសំណង់ប្រមាណ១០៦១កន្លែង នៅក្នុងតំបន់រមនីយដ្ឋានអង្គរ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរអប្សរាអនុញ្ញាតឱ្យធ្វើការជួសជុល និងកែល្អ។ នេះបើតាមការជូនដំណឹងរបស់ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា។
ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា បាននិងកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការចុះផ្សព្វផ្សាយអំពីគោលការណ៍ថែរក្សាបេតិកភណ្ឌ បទដ្ឋានគតិយុត្តិផ្សេងៗស្តីពីការសាងសង់ ការប្រើប្រាស់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ។
យោងតាមរបាយការណ៍ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សំណង់ដែលអនុញ្ញាតឱ្យធ្វើការជួសជុលនេះ រួមមានដូចជា ការតសំយាបផ្ទះ, ការជួសជុលជញ្ជាំង, ជណ្តើរ, ដំបូលផ្ទះ, ការប្តូរសសរ, ការសង់ទ្រុងមាន់, ទា, ជ្រូក, គ្រោលគោ, ជង្រុកស្រូវ និងបង្គន់អនាម័យ ជាដើម។
ក្រុមការងារសហគមន៍ ក៏បាននាំយកនូវកញ្ចប់ទ្រទ្រង់សុខមាលភាពម្តាយ និងទារក (ឃីត) ចែកជូនស្ត្រីអ្នកស្រុកអង្គរ ដែលទើបតែសម្រាលកូនរួចថ្មីៗ ចំនួន៦០៥កញ្ចប់ ក្នុងក្រុង/ស្រុកចំនួន៥ គឺ៖ ក្រុងសៀមរាបចំនួន ៩១កញ្ចប់, ស្រុកបា្រសាទបាគងចំនួន៩៦កញ្ចប់, ស្រុកអង្គរធំចំនួន ៦៩កញ្ចប់, និងស្រុកបន្ទាយស្រីចំនួន ១៤០កញ្ចប់ផងដែរ។
ដើម្បីចូលរូមលើកកម្ពស់ជីវភាពអ្នកស្រុកអង្គរ អាជ្ញាធរជាតិអប្សរា បានកសាងហេដ្ឋារចនាសម្ពន្ធរូបវ័ន្តជាច្រើនតាមមូលដ្ឋានដូចជា៖ ផ្លូវថ្នល់, ការស្តារប្រព័ន្ធធារាសាស្ត្រសម្រាប់ការបង្កបង្កើនផលកសិកម្ម, ផ្តល់ពូជកសិកម្ម, វប្បកម្ម, សិប្បកម្ម, ផ្តល់បច្ចេកទេសកសិកម្ម, ឧបត្ថម្ភថវិកាមនុស្សធម៌ដល់គ្រួសារជួបទុក្ខលំបាកព្រោះគ្រោះទុរភិក្ស, ខ្យល់កន្ត្រាក់, ភ្លើងឆេះផ្ទះ, ឧបត្ថម្ភគាំទ្រវិស័យសាសនា, ឧបត្ថម្ភសំលៀកបំពាក់ឯកសណ្ឋានប្រជាការពារភូមិ, ថែរក្សាបរិស្ថាន, ដាំដើមឈើដើម្បីជាការលើកកម្ពស់ទេសភាពវប្បធម៌, និងការជួសជុលថែរក្សាអភិរក្សប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ៕