(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋថា ដោយសារតែភ្លៀងបន្ដធ្លាក់ជាប់ៗគ្នា បណ្ដាលឲ្យកម្រិតទឹកនៅស្ថានីយ៍វាស់ទឹកពាមឃ្លៃ ឡើងដល់កម្រិតខ្ពស់៧.៣០ម៉ែត្រ ដែលជាកម្រិតអាចនឹងបង្កឲ្យមានទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត និងតំបន់មួយចំនួនទៀត។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់ថា ស្ថានភាពទឹកកាន់តែឡើងខ្ពស់នេះ អាចបង្កផលប៉ះពាល់ដល់ផ្ទៃដីបង្កបង្កើនផល លំនៅដ្ឋាន ទ្រព្យសម្បត្តិ អាយុជីវិត និងអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ពីជំងឺរាតត្បាតផ្សេងៗ។
បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះ និងកុមារតូចៗ និងពិនិត្យតាមដានសភាពការណ៍កម្រិតទឹក នៅតាមភូមិសាស្ដ្រខាងលើឲ្យបានខ្ជាប់ខ្ជួន៕