(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាឆ្អឹងខ្នងដើម្បីទ្រទ្រង់សន្ដិភាព និងបន្ដការអភិវឌ្ឍនាវាកម្ពុជា។
ការលើកឡើងនេះ នៅក្នុងឱកាសសម្តេចពិជ័យសេនា ទៀ បាញ់ ចុះជួបធ្វើការសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ ខេត្តសៀមរាប ចំនួន១,១២០នាក់ និងបង្ហាញបេក្ខភាពជាបេក្ខជនជាតំណាងរាស្ត្រ អាណត្តិទី៦ ទាំងពេញសិទ្ធិ និងត្រៀមបម្រុង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រីស្នំ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន សំខាន់លើវិស័យសេដ្ឋកិច្ច បានចាកចេញពីប្រទេសបន្ទាត់ក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងជំរុញឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០១៣០ និងត្រូវទទួលបានកិត្តិយសផងដែរ ដែលជាប្រទេសជឿនលឿនមួយនៅក្នុងតំបន់។
សម្តេច ទៀ បាញ់ ក៏បានលើកថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏បានជំរុញប្រាក់បៀវត្ស មន្ត្រីរាជការកើនឡើងជាបន្តបន្ទាប់ ព្រមទាំងប្រាក់សោធនិវត្តន៍ក៏ត្រូវបានកើនឡើង ហើយប្រាក់ឈ្មួលរបស់កម្មករ ក៏បានកើនឡើងខ្ពស់ផងដែរ ហើយដើម្បីឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមប្រជាពលរដ្ឋទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ព្រោះនៅគ្រប់កាលៈទេសៈណាមាន សម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាម នៅកម្ពុជាឡើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកពីសភាពការណ៍នយោបាយក្នុង និងក្រៅប្រទេស ព្រមទាំងប្រាប់កុំជឿនូវការឃោសនាអកុសល ការញុះញុងរបស់ក្រុមជនអគតិមួយចំនួន ដែលមានគោលបំណង ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា តាមរយៈការឃោសនា មិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ៕