Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមប្រុងប្រយ័ត្ន! ទឹកទន្លេមេគង្គនៅខេត្តក្រចេះ បន្តហក់ឡើងក្រោយមានភ្លៀងធ្លាក់ បន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ

18-07-2018 16:35

(ក្រចេះ)៖ លោក ហេង រ័ត្នម៉ូលីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ បានបន្តហក់ឡើង ខណៈដែលអាកាសធាតុមានការប្រែប្រួល គឺមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅតំបន់ខាងលើ នៃដងទន្លេមេគង្គខេត្តក្រចេះ ធ្វើឲ្យទឹកទន្លេមេគង្គមានការប្រែប្រួល។

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ កម្រិតកម្ពស់ទឹកទន្លេមេគង្គ ខេត្តក្រចេះ មានកំពស់១៨.២១ម៉ែត្រ និងមានសីតុណ្ហភាព អតិបរិមា២៩C និងអប្បបរិមា២៥.៥C ហើយកម្រិតរបាយទឹកភ្លៀង គឺទឹកភ្លៀងធ្លាក់ស្មើតាមបណ្តារស្រុកទូទាំងខេត្ត។

តែយ៉ាងណាក៏ដោយ លោក ហេង រត្ន័ម៉ូនីដា បានបញ្ជាក់ថា កំពស់ទឹក១៨.២១ម៉ែត្រនេះ ជាកម្រិតកម្ពស់ទឹកមួយដែលល្អ ហូរចូលបឹង ព្រែក អូរ និងអាងស្តុកទឹកមួយចំនួន និងផ្តល់ភាពងាយស្រួលដល់ប្រជាកសិករ ក្នុងការអនុវត្តន៍ការងារកសិកម្ម។

លោកប្រធានមន្ទីរបានបន្តទៀតថា អាជ្ញាធរខេត្ត ដែលមានមន្ទីរធនធានទឹក និងឧតុនិយ ជាសេនាធិការ បានត្រៀមលក្ខណៈបង្ការរួចជាស្រេច ដើម្បីទប់ស្កាត់គ្រោះមហន្តរាយទឹកជំនន់ នៅឆ្នាំនេះ ហើយលោកក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ជាពិសេសសហគមន៍ប្រើប្រាស់ទឹក ត្រូវបិទទប់ទឹកក្នុងអាងឲ្យបានគ្រប់គ្រាន់ដើម្បី ប្រើប្រាស់សម្រាប់ ការងារកសិកម្មស្រែប្រាំង ហើយក៏សូមជម្រាបដល់ប្រជានេសាទ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព នៅពេលនេសាទ និងហាមឃាត់មិនអោយកុមារតូចៗ ចុះលេងទឹកជាដាច់ខាត ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់ដងទន្លេមេគង្គ បឹង ព្រែក អូរ ត្រូវប្រុងប្រយ័ត្ននឹង ត្រៀមបង្ការលក្ខណៈទុកជាមុន ការពារនៅពេលមានទឹកជំនន់មកដល់៕