(ព្រះវិហារ)៖ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៦២ ពីស្រុកជាំក្សាន្តឆ្ពោះទៅទីរួមខេត្តព្រះវិហារ ម្តុំព្រំប្រទល់ស្រុកជាំក្សាន្ត និងស្រុកគូលែន យើងសង្កេតឃើញសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋ ហាក់មានការមមាញឹក ក្នុងការទៅដកផ្សិតពីក្នុងព្រៃ យកមកលក់ឲ្យក្រុមឈ្មួញផ្សេងៗ ដោយទឹកចិត្តសប្បាយរីករាយ។
ឆ្លៀតពេលដ៏មមារញឹកកំពុងលក់ដូរ ប្រជាពលរដ្ឋម្នាក់បាននិយាយរៀបរាប់ប្រាប់ អ្នកយកព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះថា ផ្សិតដែលគាត់ដកពីក្នុងព្រៃមកលក់ឲ្យឈ្មួញនោះ គឺផ្សិតក្ងោក ដែលក្នុងមួយថ្ងៃគាត់អាចដកបានពី ៧ទៅ៨គីឡូក្រាម ប៉ុន្តែចំនួននេះមិនទៀងទាត់នោះទេ គឺអាស្រ័យលើសមាជិកគ្រួសារច្រើន ឬតិចប៉ុណ្ណោះ។ ចំពោះផ្សិតដែលគាត់លក់ឲ្យឈ្មួញពេលនេះ គឺ១គីឡូក្រាមបានតម្លៃ ៦,០០០រៀលទៅ ៧,០០០រៀល ដែលខុសពីរដូវដំបូង គឺលក់បានតម្លៃជាង ១០,០០០រៀលឯណោះ។
ប្រជាពលរដ្ឋដដែលបានឲ្យដឹងទៀតថា ផ្សិតដែលគាត់អាចដកពីក្នុងព្រៃយកមកលក់នោះ គឺរកបានតែនៅរដូវភ្លៀងទេ ដែលក្នុងមួយរដូវភ្លៀង គឺគាត់អាចដកបាន៤ ឬ៥លើកប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណា គាត់មានការសប្បាយរីករាយនឹងមុខរបរនេះណាស់ ព្រោះមានឈ្មួញឈរទិញច្រើន ធ្វើឲ្យគាត់ក៏ដូចជាអ្នកផ្សេងទៀត មានទឹកចិត្តក្នុងការដើរ រកដោយមិនខ្លាចនឿយហត់ ដែលអាចកាត់បន្ថយបានការខ្វះខាតមួយគ្រាៗ របស់ក្រុមគ្រួសារគាត់ផងដែរ។
ជាមួយគ្នានេះ ប្រុសចំណាស់ម្នាក់ ដែលគាត់ជាអ្នកដើរទិញផ្សិត យកទៅលក់បន្តនៅប្រទេសថៃ បានរៀបរាប់ឲ្យដឹងថា ក្នុងមួយថ្ងៃគាត់អាចទិញផ្សិតបានពី ២០០ទៅ ៣០០គីឡូក្រាម ហើយផ្សិតដែលគាត់ទិញយកទៅលក់នៅប្រទេសថៃនោះរួមមាន៖ ផ្សិតប៉ក់ ផ្សិតក្ងោក និងផ្សិតឈើ។
ប្រុសចំណាស់រូបនោះបានបន្តទៀតថា ក្រៅពីគាត់ដែលជាអ្នកឈរទិញផ្សិត យកទៅលក់នៅប្រទេសថៃ ក៏មានអ្នកទិញមួយចំនួនទៀត ក៏គេដើរទិញដែរដោយយកទៅលក់ តាមទីផ្សារនានាក្នុងស្រុក។
បើតាមអ្នកដែលចូលចិត្តហូបផ្សិតក្ងោក បាននិយាយថា ផ្សិតក្ងោកនេះមានរសជាតិឆ្ងាញ់ណាស់ ដែលគេអាចយកវាទៅចម្អិនធ្វើម្ហូបដូចជា ឆា និងស្ងោរជាដើម ពិសេសជាងនេះទៅទៀត គឺវាមិនមានជាតិគីមីធ្វើឲ្យប៉ះពាល់ ដល់សុខភាពយើងទៀតផង៕