(ភ្នំពេញ)៖ ដើម្បីជំរុញការប្រើប្រាស់រថយន្តសាធារណៈ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានផលិតវីដេអូអប់រំមួយ ដោយបានប្រាប់ពីរបៀបប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងវីដេអូអប់រំបានប្រាប់ឲ្យដឹងថា នៅពេលដែលឡើងរថយន្តក្រុង អ្នកធ្វើដំណើរត្រូវតែឡើងតាមទ្វារមុខ ហើយត្រូវដាក់លុយ នៅក្នុងប្រអប់ចំនួន១,៥០០រៀល។ ជាមួយគ្នានេះ នៅពេលដែលចង់ចុះពីរថយន្ត អ្នកធ្វើដំណើរគ្រាន់តែចុចកណ្តឹង ពណ៌ក្រហមជាការស្រេច។

គួរបញ្ជាក់ផងដែរថា ការបង់ប្រាក់តម្លៃសេវារថយន្តក្រុងសាធារណៈ មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់​ Credit Card បានឡើយ​ តែសព្វថ្ងៃនេះ អ្នកធ្វើដំណើរអាចប្រើប្រាស់កាត រថយន្តក្រុងសេវាសាធារណៈបាន។

សម្រាប់ព្រះសង្ឃ ចាស់ជរា ជនពិការ សិស្ស និស្សិត មិនត្រូវបានយកថ្លៃនេះទេ ក្រៅពីនេះ កម្មករនិយោជិត ក៏អាចជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំផងដែរ។

ពាក្យស្លោកក្នុងវីដេអូអប់រំ បានបញ្ជាក់ថា «បើយើងចូលរួមជិះរថយន្តទាំងអស់គ្នា នោះនឹងមិនមានការកកស្ទះចរាចរណ៍ទៀតទេ»

សូមទស្សនាវីដេអូអប់រំខាងក្រោមនេះ៖