(តាកែវ)៖ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងដូនកែវ ខេត្តតាកែវ បានប្តេជ្ញាយ៉ាងក្លៀវក្លាមុះមុត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើនជឿនលឿនទៅមុខ។
ការប្តេជ្ញានេះធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ និងក្រុងដូនកែវ នៅស្នាក់ការគណបក្សខេត្ត នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក សុខ ខាវ៉ាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោក សុខ សូកេន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ និងសមាជិក សមាជិកា ក្រុមការងារយុវជនចំនួន៦៥០នាក់។
នៅក្នុងឱកាសនោះលោក សុខ សូកេន បានថ្លែងថា សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ មិនមែនកើតឡើងដោយចៃដន្យទេ ក៏ប៉ុន្តែគឺកើតចេញពីការបូជា លះបង់របស់យុវជនយើងជំនាន់មុន និងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ប្រកបដោយផែនការច្បាស់លាស់ និងទស្សនៈវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។
លោកបន្តថា ពាក្យថា សន្តិភាពគឺសាមញ្ញទេ ប៉ុន្តែវាមានអត្ថន័យស៊ីជម្រៅ ហើយទម្រាំទទួលបានសន្តិភាពនេះគឺមានការលំបាកខ្លាំងណាស់។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៏ហើយសន្តិភាព បានបង្កើតឱកាសសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតការងារ បង្កើនប្រាក់ចំណូល ជូនប្រជាជនកម្ពុជា ជាពិសេសយុវជន និងពង្រឹងសេដ្ឋកិច្ចក្រុមគ្រួសារកាន់តែរីកចម្រើន និងបានបង្កើតឱកាសសម្រាប់រាជរដ្ឋាភិបាល ដើម្បីធ្វើសមាហរណកម្មចូលក្នុងសហគមន៍អន្តរជាតិ និងទទួលបានការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់បណ្ដាប្រទេសជាច្រើន ជុំវិញពិភពលោក។
ជាក់ស្ដែង កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសមហាអំណាចវប្បធម៌មួយ តាមរយៈសម្បត្តិវប្បធម៌ដ៏សំបូរបែប ទាំងរូបីយ៍ និងអរូបីយ៍ ហើយត្រូវបានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ជាពិសេស ប្រាសាទអង្គរវត្ដ ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក មិនតែប៉ុណ្ណោះកម្ពុជាបានទទួលការគាំទ្រយ៉ាងមុតមាំ ក្នុងការបំពេញភារកិច្ចជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១២ ក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលសម្ដេចបានលះបង់ទាំងកម្លាំងកាយចិត្ដ និងកម្លាំប្រាជ្ញា ដើម្បីឲ្យកម្ពុជាមានកេរ្ដិ៍ឈ្មោះល្បីល្បាញ លើឆាកអន្តរជាតិលើវិស័យការទូតវប្បធម៌ និងមានប្រទេសជាច្រើនបានរៀនសូត្រពីកម្ពុជា។
ក្នុងកម្មវិធីនេះដែរ ប្រធានក្រុមការងារយុវជន បានចាក់បញ្ចាំងវីដេអូស្ដីពីការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងគោលបំណងជំរុញយុវជនឲ្យបានស្វែងយល់ច្បាស់ ពីការឆ្លងកាត់កិច្ចការដ៏លំបាកជាច្រើន រួមទាំងភាពឆ្លៀសវៃប្រកបដោយបញ្ញាញាណ និងយុទ្ធសាស្រ្ដស៊ីជម្រៅរបស់សម្ដេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីទទួលបានជោគជ័យក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានលើកតម្កើនឧត្ដមភាពរបស់កម្ពុជាក្នុងវិស័យវប្បធម៌លើឆាកអន្តរជាតិ។
លោក សុខ សូកេន បានបន្តថា ក្នុងនាមជាយុវជនរបស់គណបក្ស យើងត្រូវចូលរួមការពារ ថែរក្សានូវសមិទ្ធផលនានារបស់គណបក្ស ហើយដើម្បីថែរក្សាសមិទ្ធផលទាំងនេះ យុវជនត្រូវមានទំនុកចិត្ដខ្ពស់ ចូលរួមសហការជាមួយក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ឱ្យការងាររបស់បក្សទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងគាំទ្រលើការដឹកនាំរបស់គណបក្ស តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្ដិទី៦នេះ។
ឯកឧត្តម សុខ ខាវ៉ាន់ អនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងដូនកែវ បានថ្លែងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជានិង ជីវភាពបងប្អូនប្រជាពលរដ្ឋ មានការរីកចម្រើនកាន់តែលឿនទៅ គឺដោយសាររាជរដ្ឋាភិបាល ដឹកនាំដោយគណប្សប្រជាជនកម្ពុជា បានធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងទាក់ទាញវិនិយោគិន ព្រមទាំងបានជម្រុញវិនិយោគមកជិតបងប្អូនដើម្បបង្កើតការងារនៅមូលដ្ឋាន។ នេះជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ហើយយុវជនត្រូវពន្យល់ឱ្យប្រជាពលរដ្ឋយល់ពីផ្លែផ្កាទាំងនេះ ហើយត្រូវរួមគ្នាថែរក្សាឱ្យបានល្អដើម្បីឱ្យវាកាន់តែរីកធំធាត់។
នៅក្នុងឱកាស់នោះ ឯកឧត្តម បានលើកទឹកចិត្តដល់យុវជនបក្សត្រូវមានមោទនភាពចំពោះខ្លួនឯង ចំពោះគណបក្ស ការធ្វើការជូនបក្សមិនខុសពីធ្វើការជូនខ្លួនឯងនោះទេ ព្រោះយើងបានចូលរួមនាំមកនូវការអភិវឌ្ឍ និងការពារសន្តិភាពទូទាំងប្រទេស ហើយគោលនយោបាយរបស់បក្សក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍដែលយើងទាំងអស់គ្នាបានឃើញនៅពេលនេះ និងបន្តអភិវឌ្ឍន៍បន្ថែមទៀតនៅពេលអនាគត៕៕៕