(កូរ៉េ)៖ លោក ឡុង ឌីម៉ង់ ឯកងគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមការងារទីប្រឹក្សាការងារទទួលបន្ទុកពលករ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានសហការជាមួយ មជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនាទីក្រុងអានសាន បានចុះទស្សនកិច្ច និងសួរសុខទុក្ខពលករខ្មែរ នៅរោងចក្រ Changdae Metal (រោងចក្រផលិតតួម៉ាស៊ីនរបស់រថយន្ដ) នាតំបន់អានសាន។
ថ្លែងក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណជាអនេក ដល់សាលាក្រុងអានសាន និងមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនាទីក្រុងអានសាន ដែលតែងតែសហការបង្កលក្ខណៈដល់ស្ថានទូតកម្ពុជា ក្នុងការជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋខ្មែរ នៅទីក្រុងអានសាន។
បន្ថែមពីនេះ លោកក៏បានអំណរគុណដល់ម្ចាស់រោងចក្រ Changdae Metal លោក ស៊ុង ក្វាងស៊ង ដែលបានស្រលាញ់ថែទាំពលករកម្ពុជាទាំង១០នាក់ ដែលកំពុងបម្រើការងារនៅរោងចក្ររបស់លោក និងស្នើដល់លោកថៅកែ សូមបន្ដជ្រើសរើសពលករកម្ពុជាបន្ថែមទៀត នៅពេលដែលពង្រីករោងចក្រ ហើយសូមលើកទឹកចិត្តឲ្យមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជា ដើម្បីជ្រើសរើសអតីតពលករ ដែលបានចប់អាណត្តិធ្វើការ ដើម្បីបន្ដជំនាញវិជ្ជាជីវៈរបស់ពួកគេ៕