(ភ្នំពេញ)៖ ថ្វីត្បិតតែប្រជាការពារ មិនមែនជាមន្ដ្រីនគរបាលយុត្តិធម៌ ឬកម្លាំងសមត្ថកិច្ចមានក្របខ័ណ្ឌរដ្ឋក៏ដោយនោះ ពោលគ្រាន់តែជាការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ ចូលរួមក្នុងកិច្ចការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន ដើម្បីក្លាយជាភ្នែក ជាច្រមុះដល់កម្លាំងនគរបាល។
ដោយមើលឃើញកម្លាំងប្រជាការពារ ដែលជាកម្លាំងជំនួយដ៏មានសារសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ទៅកាន់ស្នងការនគរបាល រាជធានី-ខេត្តទាំងអស់ ត្រូវតែបន្ដយកចិត្តទុកឲ្យបានខ្ពស់បន្ថែមទៀត ចំពោះកម្លាំងប្រជាការពារ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងពិធីប្រគល់ម៉ូតូជាង១,៦០០គ្រឿង ដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំផ្ញើតាមរយៈអស់ លោកស្នងការនគរបាល ក៏ដូចជា អ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ដល់ប្រជាការពារ។ យើងបញ្ជាក់ច្បាស់ហើយ ប្រជាការពារមិនមែនជាកម្លាំងមានក្របខ័ណ្ឌអ្វីនោះទេ គឺជាការស្ម័គ្រចិត្ត ដែលជាកម្លាំងជំនួយដែលចូលរួម ដូច្នេះត្រូវយកចិត្តទុកដាក់ដើម្បីបន្ដពង្រឹងដល់កម្លាំងនេះបន្ដទៀត»។
សម្ដេចប្រមុខក្រសួងមហាផ្ទៃ ក៏លើកទឹកចិត្តចំពោះការទិញសម្ភារ ដូចជា វិទ្យុទាក់ទង ឬសំលៀកបំពាក់ជាដើម ជូនដល់ប្រជាការពារ ដើម្បីប្រើប្រាស់ក្នុងបេសកកម្ម ជាកម្លាំងជំនួយ ដល់មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
បើតាមព័ត៌មានមួយចំនួនពីមូលដ្ឋានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននោះគឺថា រឿងប្រជាការពារតាមមូលដ្ឋានគ្មានប្រាក់ខែទេ។ ជាក់ស្តែង ក្រុមប្រជាការពារទាំងនេះ អាចរកចំណូលបានដោយខ្លួនឯង គឺបើមានកម្មវិធីបុណ្យ ឬការផ្សេងៗ ពួកគេទទួលបានកញ្ចប់ថវិកាមួយចំនួន ដែលម្ចាស់កម្មវិធីផ្តល់ជូន ដើម្បីសន្សំទុកសម្រាប់ជួយសមាជិកណា ដែលជួបបញ្ហានៅពេលណាមួយ។
ដោយឡែកសម្ភារ រួមមាន៖ ដំបងឆក់ ខោអាវ មួក និងអាយកូមជាដើមនោះ ពួកគាត់ខ្លះបានស្នើសុំពីថ្នាក់ឃុំ គណៈពង្រឹង និងសប្បុរសជននានា។ នៅពេលបច្ចុប្បន្ន ក្រុមប្រជាការពារ ត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ជាក្រុមមួយដ៏សំខាន់ណាស់ មិនអាចមើលរំលងបានទេ ដើម្បីជួយទប់ស្ថានការជាមួយនគរបាលប៉ុស្តិ៍ដែលមានចំនួនតិចតួចបំផុត នៅតាមប៉ុស្តិ៍នីមួយៗ។
ដូច្នេះមានការលើកឡើងថា បើមានកញ្ចប់ថវិកាណាមួយជូនពួកគាត់ ចឹងពួកគាត់រឹតតែប្រឹងប្រែង សម្រាប់ការពារភូមិថែមទៀត និងពង្រឹងសមាជិកភូមិកាន់តែខ្លាំង។
សម្ដេចក្រឡាហោម ស ខេង ក៏ធ្លាប់បានឲ្យដឹងថា សម្តេចចង់ឲ្យប្ដូរ ឬបន្ថែមឈ្មោះនាយកដ្ឋានកិច្ចការប៉ុស្ដិ៍រដ្ឋបាល ទៅជានាយកដ្ឋានកិច្ចការប៉ុស្ដិ៍រដ្ឋបាល និងប្រជាការពារ។
ការប្រកាសឲ្យចង់ដូរ ឬបន្ថែមឈ្មោះនាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាល តាមរយៈការបន្ថែមពាក្យ «ប្រជាការពារ» នៅខាងក្រោយ យ៉ាងដូច្នេះ ក៏ព្រោះសម្តេចក្រឡាហោម បានចាត់ទុកថា ក្រុមប្រជាការពារនៅតាមភូមិ ជាកម្លាំងដ៏សំខាន់មួយ ក្នុងការជួយការងារដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល៕