(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដើម្បីបង្កើនធនធានមនុស្សឲ្យបានច្រើន សូមលោកគ្រូ អ្នកគ្រូ បំផុសការលើកទឹកចិត្តដល់សិស្ស និស្សិត ដោយមិនគិតថា នៅសាលារដ្ឋ ឬសាលាឯកជនឡើយ។
លោកបានថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីគ្រប់គ្រង ក្នុងរចនាសម្ព័ន្ធមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងបន្តថា នយោបាយលើកទឹកចិត្តដល់សិស្ស និស្សិត ធ្វើឲ្យពួកគាត់មានកម្លាំងចិត្តកាន់តែខិតខំរៀនសូត្រ បង្កើនសមត្ថភាព អាចចូលរួមប្រឡងប្រជែងនៅបរទេស ដែលទាំងនោះ គឺជានយោបាយបង្កើនធនធានមនុស្សសម្រាប់សិស្ស និស្សិត មិនថានៅសាលារដ្ឋ ឬសាលាឯកជននោះឡើយ។
លោកបានបន្តទៀតថា ធនធានមនុស្ស ដែលបានសាងឡើងនេះទៅថ្ងៃក្រោយ នឹងក្លាយជាធនធានមនុស្សដ៏មានសក្តានុពល បានរួមចំណែកក្នុងការកសាងសង្គមជាតិ បើទោះជា ពួកគាត់ជោគជ័យ នៃផ្នែកណាមួយក៏ដោយ ក៏សុទ្ធតែបានរួមចំណែកធ្វើឲ្យមានការរីកចម្រើន នៅក្នុងប្រទេសកម្ពុជា ដូច្នេះត្រូវដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់សិស្ស និស្សិត ដើម្បីលើកកម្ពស់ផ្នែកសិក្សាអប់រំនេះឲ្យបានកាន់តែល្អប្រសើរ។
គួរបញ្ជាក់ថា ពិធីប្រកាសចូលកាន់តំណែងមន្ត្រីគ្រប់គ្រង ក្នុងរចនាសម្ពន្ធមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម មានលោក ពៅ ហ៊ាម គ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែថ្នាក់លេខ៣ នៃក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ជានាយករងវិទ្យាល័យអប់រំពិសេសកំពង់ចាម នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម។
ពិធីនេះក៏បានប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន២រូប ក្នុងរចនាសម្ព័ន្ធ អប់រំយុវជន និងកីឡាខេត្តកំពង់ចាម ដែលមានឈ្មោះ កែវ ផល្លី ជានាយករងវិទ្យាល័យអប់រំពិសេសកំពង់ចាម និងលោក ឡាយ ផល្លា ជានាយករងវិទ្យាល័យអប់រំពិសេស កំពង់ចាម៕