(ភ្នំពេញ)៖ បើទោះបីប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពកំពុងបោះឆ្នោតក្ដី ក៏មានវិនិយោគិនបរទេសជាច្រើន ដូចជាវិនិយោគិនចិនជាដើម បានមើលឃើញពីឱកាស និងសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា ដោយសារតែវិនិយោគិនទាំងនោះ ជឿជាក់ថា កម្ពុជាជាប្រទេសដែលមានស្ថិរភាពល្អ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ វិនិយោគិនចិន បានចាប់ដៃគូជាមួយវិនិយោគិនកម្ពុជា បើកក្រុមហ៊ុនសម្ពោធថ្មីមួយនៅកម្ពុជា ដើម្បីបម្រើដល់វិស័យសុខាភិបាល។
លោក Zhang Yi ប្រធានក្រុមហ៊ុន Anderson Biotech & Royal OncoCare Grand ដែលទើបសម្ពោធថ្មីបានលើកឡើងថា «ខ្ញុំមានជំនឿចិត្តក្នុងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ទោះបីស្ថិតក្នុងឆ្នាំបោះឆ្នោតក្ដី ដូចអ្នកទាំងអស់គ្នាឃើញស្រាប់ហើយថា ប្រទេសកម្ពុជា បច្ចុប្បន្នកំពុងតែមានស្ថិរភាព ដូច្នេះវាមិនមែនជាបញ្ហាចោទ ឬកត្តាហានិភ័យណាមួយ ក្នុងការបង្កើតក្រុមហ៊ុននៅកម្ពុជាឡើយ»។
លោកថា ក្រុមហ៊ុនថ្មីនេះផ្ដោតខ្លាំងទៅលើផ្នែកសុខាភិបាល ពិសេសការព្យាបាលជំងឺមហារីក។
លោក Yi បញ្ជាក់ទៀតថា «ការសម្រេចចិត្តបើកក្រុមហ៊ុននេះ នៅក្នុងប្រទេសកម្ពុជា ដោយសម្លឹងឃើញ ពីភាពរីកចម្រើនបំផុតរបស់កម្ពុជាក្នុងប្រទេសអាស៊ី ហើយខ្ញុំសង្ឃឹមថា ថ្នាំព្យាបាលជំងឺមហារីករបស់ក្រុមហ៊ុ នឹងជួយព្យាបាលជំងឺមហារីក ដល់ប្រជាជនកម្ពុជា ព្រមទាំងរីកដុសដាលពេសពេញប្រទេសតំបន់អាស៊ីថែមទៀតផង»។
វិនិយោគិនកម្ពុជា លោក កូយ ឡេប៉ូ ដែលជាអគ្គនាយក្រុមហ៊ុន K-Link International បានថ្លែងថា ដោយសារភាពជឿជាក់លើស្ថិរភាពនយោបាយនៅកម្ពុជា ទើបវិនិយោគិនប្រទេសនានា ពិសេសចិនសម្រុកមកវិនិយោគ និងបើកក្រុមហ៊ុននៅកម្ពុជា មិនខ្វល់ឡើងពេលវេលាមុន ឬក្រោយបោះឆ្នោតឡើយ។ លោកថា បង្ហាញនូវក្រុមថ្មីដែលទើបបើកសម្ពោធនេះ នឹងរីកចម្រើន និងទទួលបានជោគជ័យ។
លោក ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា បង្ហាញនូវក្តីរីករាយចំពោះវិនិយោគិនចិន ដែលបោះទុនវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យសុខាភិបាល។ ក្រុមហ៊ុននេះ នឹងជួយព្យាបាលជំងឺហារីក ដែលជាជំងឺកាចសាហាវគ្មានថ្នាំព្យាបាល ព្រមទាំងផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាផងដែរ៕