Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ផ្ទះសម្បែងរបស់ពលរដ្ឋឃុំព្រៃរំដួល និងឃុំតាំងខ្យា ស្រុកភ្នំស្រួច កំពុងរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង, អភិបាលខេត្តកំពុងរកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ

18-07-2018 14:51

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ឃុំព្រៃរំដួល និងឃុំតាំងខ្យា នៅស្រុកភ្នំស្រួច ត្រូវបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលពេលនេះមានកម្ពស់ទឹកកើនឡើង១ម៉ែត្រទៀតហើយ ខណៈដែលរដ្ឋបាលខេត្តកំពងស្ពឺ កំពុងរកវិធានការការពារប្រជាពលរដ្ឋ ជាពិសេសកំពុងស្វែងរកទីទួលសុវត្ថិភាព។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា លោកបានបន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅឃុំព្រៃរំដួល និងឃុំតាំងខ្យា ស្រុកភ្នំស្រួចនេះ ដែលពេលនេះ មានកម្ពស់ទឹកជន់លិចកើនឡើងរហូតជាង ១ម៉ែត្រ។

លោកបានបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ច អាជ្ញាស្រុក ត្រូវត្រៀមការពារ និងយកចិត្តទុកដាក់លើមុខសញ្ញាជន ដែលងាយរងគ្រោះដូចជា៖ កុមារតូចៗ, ចាស់ជរា, ជនពិការជាដើម ក្នុងការត្រៀមបម្រុងរកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬភ្លៀង ហាមជ្រកក្រោមដើមឈើ និងប្រយ័ត្នចំពោះពពួកសត្វមានពិសជាដើម៕