(កំពត)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ក្នុងយុទ្ធនាការសំណេះសំណាល ឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពីសហគមន៍ខ្មែរឥស្លាម ក្នុងគម្រោង១១០កន្លែងទូទាំងប្រទេស គោលនយោបាយទាំង១១ខ របស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងទទួលបាននូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងក្លាពីជនរួមជាតិ។
បើតាមលោក អូស្មាន ហាស្សាន់ ខណៈសហគមន៍ខ្មែរឥស្លាមស្ទើរទាំងអស់ បានកំពុងតែសប្បាយរីករាយអបអរសាទរ ជាមួយគោលនយោបាយទាំង១១ខ ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ចេញសម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨-២០២៣នេះ។
លោក អូស្មាន ហាស្សាន់ បានឡើងបែបនេះនៅសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែរឥស្លាមអ្នកឃុំបឹងទូក ស្រុកទឹកឈូ ហើយជាក់ស្តែង គឺអ្នកឃុំបឹងទូកទាំងមូល ដែលចូលរួមក្នុងកម្មវិធីសំណេះសំណាល មិនខុសពីសហគមន៍អ្នកនៅបណ្តាឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានីខេត្តផ្សេងៗ ដែលកំពុងគាំទ្រ និងចង់បានគណបក្សប្រជាជនកម្ពុជានៅតែឈ្នះឆ្នោត ដើម្បីបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍតាមគោលការរបស់ខ្លួន។
ឆ្លើយតបជាមួយគោលនយោបាយទាំង១១នេះ អ្នកឃុំបឹងទូក ខេត្តកំពត បានប្តេជ្ញាត្រៀមខ្លួនជានិច្ច សម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី៕