Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យអាវុធហត្ថ៖ បុគ្គល សន សំនៀង ម្ចាស់ Facebook ឈ្មោះ «យមរាជ លោកីយ៍» ប្រព្រឹត្តបទល្មើសជាច្រើន និងធ្លាប់ត្រូវបានក្រុមប្រឹក្សាវិន័យយកទៅអប់រំ កែប្រែឲ្យកំហុស ប៉ុន្តែនៅតែមិនកែ (Video inside)

18-07-2018 14:23

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា បុគ្គលឈ្មោះ សន សំនៀង​ ម្ចាស់គណនី Facebook ឈ្មោះ «យមរាជ លោកីយ៍» បានប្រព្រឹត្តបទល្មើសជាច្រើន ដូចជា មិនគោរពឋានានុក្រម មិនគោរពវិន័យកងទ័ព ហើយត្រូវបានក្រុមប្រឹក្សាវិន័យ សម្រេចផ្លាស់ប្តូរចេញពីអង្គភាពអាវុធហត្ថស្រុកបារាយ ឱ្យទៅភ្នំជុំរាយ ចំនួន៣០០ថ្ងៃ ដើម្បីឱ្យកែកំហុស ប៉ុន្តែបុគ្គលរូបនេះ នៅតែមិនអាចកែប្រែបាន។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងសន្និសីទកាសែត បំភ្លឺជុំវិញករណីការចាប់ខ្លួន ម្ចាស់ Facebook ឈ្មោះ «យមរាជ លោកីយ៍» ដែលបង្ហោះវីដេអូធ្វើឱ្យប៉ះពាល់កិត្តិយសកងរាជអាវុធហត្ថ នៅទីបញ្ជាការដា្ឋនកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា ការពិតលោក សន សំនៀង អាចត្រូវបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីរាជអាវុធ ជាយូរមកហើយ មិនមែនទើបតែបណ្តេញចេញនៅឆ្នាំ២០១៧នោះទេ ដោយសារតែមានការស្នើសុំពីសំណាក់អាវុធហត្ថខេត្តកំពង់ធំ និងមានសុំអង្វេររបស់ម្តាយគេ ដោយសន្យាថា នឹងអប់រំកូនឱ្យធ្វើជាអាវុធដ៏ល្អ សម្រាប់សង្គមជាតិ ទើបមានការយោគយល់ពីថ្នាក់ដឹកនាំ ឱ្យបន្តតួនាទីរបស់ខ្លួនបន្តទៀត។ ប៉ុន្តែបុគ្គលរូបនេះ នៅតែ​ប្រព្រឹត្តកំហុស ដោយគ្មានក្រមសីលធម៌ គ្មានវិស័យ ធ្វើកិច្ចការងារមិនគោរពតាមឋានានុក្រម និងមិនគោរពច្បាប់របស់ទាហានទៀតផង ទើបមិនលើកលែងឲ្យបាន។

លោក អេង ហ៊ី បានបន្ថែមថា បុគ្គល សន សំនៀង ដែលបាន Live Video ថា ខ្លួនបានអស់តំណែង និងបាត់ទ្រព្យសម្បត្តិជាច្រើន ដែលមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីកងរាជអាវុធហត្ថ ដោយសារតែរូបគេបង្ក្រាបបទល្មើសគ្រឿងញៀនោះ គឺមិនត្រឹមត្រូវទេ។

លោក អេង ហ៊ី បានលើកឡើងថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះស្រាវជ្រាវចំនួនពីរ ហើយរកឃើញថា ​មិនពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំ របស់កងរាជអាវុធហត្ថណាមួយនោះទេ ហើយលោករីករាយនឹងអង្គភាពផ្សេង ធ្វើការស្រាវជ្រាវប្រសិនបើ យល់ឃើញថា ការស្រាវជ្រាវរបស់អាវុធហត្ថមិនត្រឹមត្រូវនោះ។

លោកសង្កត់ធ្ងន់បន្តថា «ខាងអង្គភាពផ្សេងៗទៀត អាចចូលរួមធ្វើការស៊ើបអង្កេតបាន ព្រោះយើងបើកទូលាយអត់មានហាមនោះទេ កងរាជអាវុធហត្ថ ហ៊ានធ្វើហ៊ានទទួល មាសទឹកដបមិនខ្លាចភ្លើង»

សូមជម្រាបថា នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក វង្ស សេរី បានចេញដីការបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ សន សំនៀង ដែលជាម្ចាស់គណនី Facebook «យមរាជ លោកីយ៍» ពាក់ព័ន្ធការបង្ហោះព័ត៌មាន ប៉ះពាល់ដល់កិត្តិយសកងកម្លាំងរាជអាវុធហត្ថ។

នៅក្នុងដីកានេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានចោទប្រកាន់ជននេះ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ តាមបណ្តាញសង្គម Facebook និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបានប្រព្រឹត្តនៅចំណុចស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨​ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៣០៥ និងមាត្រា ៤៩៥។ ជនសង្ស័យរូបនេះ ​ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ៕