(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្ដិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម បានអះអាងថា គណបក្សប្រជាជនកម្ពុជា គឺជាស្ថាបនិកនៃព្រះរាជាណាចក្រកម្ពុជាទី២ និងជាកម្លាំងស្នូលតែមួយគត់ នៃការបង្រួបបង្រួមជាតិ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ហើយគណបក្សនឹងបន្តពង្រឹងធ្លុងសាមគ្គីភាព នៃប្រជាជាតិទាំងមូល ព្រមទាំងការពាររាល់សមិទ្ធផលជាតិ ដើម្បីពន្លឿនការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅក្នុងអាណត្តិទី៦ នៃរដ្ឋាភិបាលកម្ពុជា។
លោក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុតសម្រាប់ការអភិវឌ្ឍជាតិ។ បើសិនគ្មានគណបក្សប្រជាជនកម្ពុជាទេ ក៏គ្មានថ្ងៃចរចារសន្តិភាពទីក្រុងប៉ារីស២៣ ខែតុលា ឆ្នាំ១៩៩១ គ្មានរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ហើយក៏គ្មានព្រះរាជាណាចក្រកម្ពុជាទី២ ដូចពេលបច្ចុប្បន្នដែរ! នេះជាសច្ចៈធ៌មប្រវត្តិសាស្ត្រមួយ ដែលមិនអាចកាត់ថ្លៃបាន»។
ការអះអាងរបស់លោក ប៉ាន សូរស័ក្ដិ បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសម្លេងឆ្នោត នៅក្នុងឃុំមៀន និងឃុំត្រពាំងព្រះ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកទី១៨ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង៧០០នាក់។
នៅក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តការពារបូរណភាពទឹកដី ឯករាជ្យភាព សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋឲ្យបានគង់វង្សជាដរាប ដោយមិនអនុញ្ញាតឲ្យកម្លាំងអមិត្ត ឬមជ្ឈដ្ឋានអាក្រក់ណាមួយ មកបំផ្លិចបំផ្លាញប្រទេសកម្ពុជា សាជាថ្មីបានឡើយ ទោះបីជាត្រូវបង់ក្នុងតម្លៃណាក្តី។
«យើងប្តេជ្ញាថែរក្សា និងបន្តកសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើន ក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ និងជាសង្គមដែលប្រកបដោយអរិយធម៌ និងសេចក្តីស្រលាញ់ ជាពិសេសការពារមិនឲ្យកើតឡើងនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិសាជាថ្មី ដូចអតីតកាលឡើយ» លោក ប៉ាន សូរស័ក្តិ បានបន្ថែម។
លោកប្រធាន ក៏បានបន្តជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកា អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយទាំង ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ ព្រមទាំងបានថ្លែងនូវសារនយោបាយរបស់ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលផ្តោតសំខាន់ទៅលើសមិទ្ធផលធំៗ និងស្នាដៃដឹកនាំរយៈពេល៣៩ឆ្នាំ របស់គណបក្ស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
បន្ថែមលើនេះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងតែងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋស្រុកព្រៃឈរទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕