Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គិតត្រឹមរសៀលថ្ងៃនេះ​ ទឹកហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង នៅបន្តស្រកក្រោមមួយម៉ែត្រ តែចរាចរណ៍ឆ្លងកាត់ នៅបន្តបិទជាបណ្តោះអាសន្ន

18-07-2018 13:32

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកដែលហូរកាត់កំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង ក្នុងស្រុកកំពង់សីលា នៅបន្តស្រកចកក្រោម១ម៉ែត្រ ពោលពី៦ទៅ៧តឹក តែការធ្វើដំណើរឆ្លងកាត់នោះ ក៏មិនទាន់ត្រូវបានអនុញ្ញាតឲ្យដែរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ សម្រាប់ស្ថានភាពទឹកភ្លៀងវិញ នៅបន្តធ្លាក់តែមិនខ្លាំងនោះទេ ​ប៉ុន្តែបើថ្ងៃនេះ ភ្លៀងធ្លាក់មកកាន់តែខ្លាំងដូចដើមនោះ កម្ពស់ទឹកហូរកាត់ផ្លូវជាតិលេខ៤ នឹងមានការកើនឡើងវិញ។

ដោយសារតែទឹក​មិនទាន់ស្រកចុះខ្លាំង ចរាចរណ៍ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ នៅបន្តបិទដដែលមិនទាន់អនុញ្ញាតនៅឡើយទេ។ នេះជាការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ទោស្នងការ។

ដោយសារការធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នានេះ បានធ្វើឲ្យជំនន់ទឹកភ្លៀង លិចលង់តំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកោះកុង ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ ពីផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ ប៉ុន្តែមានការជម្លៀសប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាពនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុងផងដែរ។

ទាំងសមត្ថកិច្ច និងអាជ្ញាធរ បានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរទៅខេត្តព្រះសីហនុ សូមវាងតាមផ្លូវជាតិលេខ៤១ និងឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤ នៅបន្តបិទចរាចរណ៍ជាបណ្តោះអាសន្ននៅឡើយ ដោយសារតែទឹកនៅបន្តជន់លិច។

កាលពីម្សិលមិញ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា រយៈពេលនេះ ខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាបកំពុងមានឥទ្ធិពលនៅកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យខេត្តនៅជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ច្រើន។

ក្រសួងបានបញ្ជាក់ទៀតថា ចំពោះបណ្តារាជធានី ខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។

ក្រសួងក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕