(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងពិធីប្រគល់ម៉ូតូ ចំនួន១,៦៤៦គ្រឿង ដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលនៅទូទាំងប្រទេស តាមរយៈស្នងការនគរបាលរាជធានី-ខេត្ត បានប្រាប់ទៅកាន់មន្ដ្រីនគរបាលប៉ុស្ដិ៍ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនគិតពីនិន្នាការនយោបាយ ឬសាសនាឡើយ។
បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំនគរបាលនៅតាមមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួនតាមច្បាប់កំណត់ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្ដបន្ទាប់។
សម្ដេចប្រមុខក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា «ប៉ុស្ដិ៍នគរបាលយើងមានភារកិច្ចការងារប្រជាពលរដ្ឋទាំងអស់ មិនមែនការងារតែក្រុមណាមួយនោះ គឺការពារប្រជាពលរដ្ឋទូទៅ ដោយមិនរើសអើង ហើយក្រុមប្រឹក្សាឃុំ មេឃុំចៅសង្កាត់ គឺយើងទទួលបានអាណត្តិពីប្រជាពលរដ្ឋ គឺយើងមានភារកិច្ច ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់យើង ដើម្បីធានាសន្ដិសុខ អភិវឌ្ឍន៍ជីវភាពរស់នៅរបស់ពួកគាត់»។
បើតាមសម្ដេចក្រឡាហោម ស ខេង បញ្ហាសំខាន់នៅត្រង់ថា ប្រសិនបើអ្នកដឹកនាំនៅតាមមូលដ្ឋានទាំងឡាយ មិនមានទស្សនៈឲ្យបានត្រឹមត្រូវ ហើយប្រកាន់នូវទស្សនៈបែងចែក លាបពណ៌ រើសអើងសាសនា ពូជសាសន៍ជាដើមនៅមូលដ្ឋាន ទោះបីថាថ្នាក់ដឹកនានោះ ពូកែយ៉ាងមិចក៏ដោយក៏ធ្វើការងារមិនបានល្អនោះដែរ។
សម្ដេច ស ខេង បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋចូលរួមជីវភាពនយោបាយជាមួយគណបក្សណា គឺជាសិទ្ធិរបស់ពួកគាត់ តែអ្វីដែលសំខាន់ក្នុងនាមជាសមត្ថកិច្ច អ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ត្រូវតែគោរពសិទ្ធិសម្រេចប្រជាពលរដ្ឋ និងបម្រើសេវាឲ្យបានល្អប្រសើរ ដើម្បីអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យកាន់តែរីកចម្រើន។ មួយវិញទៀត ប្រសិនអនុវត្តនយោបាយលាបពណ៌គ្នា ហើយនោះ ក្នុងមូលដ្ឋានមិនបានសុខនោះទេ។
បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើដល់មន្ដ្រីនគរបាលប៉ុស្ដិ៍ទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវអាកប្បកិរិយា សុភាពរាបសារ ស្លូតបូត មិនឆ្មើង មិនក្រអើតក្រទើម មិនកោងកាច ត្រូវមានសីលធម៌ សុជីវធម៌ល្អ ប៉ុន្ដែត្រូវម៉ឺងម៉ាត់ចំពោះការអនុវត្តច្បាប់ ដើម្បីរក្សាបាននូវគុណតម្លៃជាមន្ដ្រីនគរបាល ដែលជាកូនចៅរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្ដីទី បានឲ្យដឹងថា ការប្រគល់ម៉ូតូនៅព្រឹកមិញនេះ គឺជាលើកទីបួនហើយដែលក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ម៉ូតូដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់កងកម្លាំងក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយក្រៅពីប្រគល់នូវទោចក្រយានយន្ត ក្រសួងមហាផ្ទៃ ក៏បានសម្រេចប្រគល់នូវសាំង ចំនួន១២០លីត្រ និងថវិកាចំនួន១២០០,០០០រៀល ក្នុងមួយត្រីមាសផងដែរ៕