Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានីយ៍ផលិតទឹកស្អាតតម្លៃជិត១៥ម៉ឺនដុល្លារ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ, ស្ថានីយ៍អាចស្តុបទឹកបាន៤៨ម៉ែត្រគុបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ជូនពលរដ្ឋ

18-07-2018 12:46

(កំពង់ធំ)៖ លោក សុខ ហៃ អភិបាលរងខេត្ត និងលោក លឹម ពុយ អាជ្ញាធរទន្លេសាប បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយ៍ផលិតទឹកស្អាតនៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជាប់ពាក់ព័ន្ធ និងអង្គកាដៃគូរជាប់ពាក់ព័ន្ធ ជុំវិញខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៨

លោក លឹម ពុយ បានលើកឡើងពីប្រវត្តិការសាងសង់ស្ថានីយ៍ផលិតទឹកស្អាតនេះ គឺចំណាយទឹកប្រាក់អស់ចំនួន១៤៥,០០០ដុល្លារ ជាជំនួយឥតសំណងរបស់ ទីភ្នាក់ងារទឹកបារាំង (Rhin-Meuse ) ដែលសាងសង់ដោយអង្គការក្រៅរដ្ឋាភិបាលឈ្មោះ AREED ដោយសាងសង់ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ខែមិថុនា ឆ្នាំ២០៨ អាចស្តុបទឹកបាន៤៨ ម៉ែត្រគុបក្នុងមួយថ្ងៃ។

លោក សុខ ហៃ បានថ្លែងបញ្ជាក់ថា «ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺពិតជាមានសារសំខាន់ណាស់ ដែលយើងទាំងអស់ត្រូវយកចិត្តទុកដាក់ ព្រោះទឹកវាជាប្រភព នៃជីវិតដែលយើងត្រូវការប្រើប្រាស់ ប្រចាំថ្ងៃ ហើយដើម្បីឱ្យសកម្មភាពនេះទទួលបានជោគជ័យនោះ យើងត្រូវធ្វើការឱ្យបានព្រមៗគ្នា ដោយអាជ្ញាធរក្រុង ស្រុក ចាប់តាំងពីលោកអភិបាលក្រុង ស្រុក រហូតដល់ មេឃុំ និងមេភូមិ ត្រូវបន្តកិច្ចសហការជាមួយអង្គកាដៃគូរឱ្យបានស្អិតរមួត ហើយអង្គកាដៃគូរគ្រប់រូប សូមបន្តការយកចិត្តទុកដាក់
បន្តការងារជួយអនុវត្តឱ្យចំគោលដៅ ជាពិសេសត្រូវមានការសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងភាពជាដៃគូរឱ្យបានពិតប្រាកដ»

លោកបានបន្តថា ពិតណាស់កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុន្តែការលើកកម្ពស់អនាម័យ នៅទូទាំងប្រទេសកម្ពុជាយើង នៅមានកម្រិត ដូច្នេះក្នុងបុព្វហេតុ នៃការលើកកម្ពស់អនាម័យ និងសុខមាលភាពសង្គមចាំបាច់ត្រូវបន្តពង្រឹង មនសិការទទួលខុសត្រូវខ្ពស់ពីប្រជាពលរដ្ឋគ្រប់រូបក្នុងការអនុវត្តជាប្រចាំតាមគោលការណ៍ អនាម័យស្អាតផ្តើមចេញពីអ្នក។

លោកបានបន្តទៀតថា បញ្ហាកង្វះអនាម័យគឺជាកត្តាដែលរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ជួបប្រទះនូវភាពក្រីក្រ និងរាំងស្ទះដល់ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយការជំរុញឱ្យមានដំណើរការល្អប្រសើរក្នុងវិស័យទឹកស្អាត និងអនាម័យជនបទ គឺជាវិធានការ និងកិច្ចអន្តរាគមន៍មួយដ៏មានប្រសិទ្ធភាព។ យើងបានចាត់វិធានការអប់រំផ្សព្វផ្សាយ និងសកម្មភាពផ្សេងៗ ដែលកំពុងដើរព្រមគ្នាដើម្បីជំរុញការលើកកម្ពស់អនាម័យជនបទឱ្យប្រជាជនមានការផ្លាស់ប្តូរផ្នត់គំនិត និងកែប្រែទម្លាប់រស់នៅឱ្យមានអនាម័យ ជាបន្តបន្ទាប់ ហើយកិច្ចការនេះបាន រួមចំណែកកាត់បន្ថយនូវជម្ងឺឆ្លងផ្សេងៗមួយចំនួនដូចជា ជម្ងឺរាករូស ក្អួតចង្អោរ ជម្ងឺក្រិនរបស់កុមារ និងជម្ងឺភ្នែកក្រហមជាដើម ដែលបណ្តាលមកពីការបរិភោគទឹកពុំមានសុវត្ថិភាព ការបន្ទោសបង់ក្រៅបង្គន់ និងពុំយកចិតតទុកដាក់លើការលាងសម្អាតដៃនឹងសាប៊ូ ដូច្នេះយើងទាំងអស់គ្នាត្រូវប្រតិបត្តិឱ្យជាប់ជាប្រចាំនូវអនាម័យល្អបីប្រការគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

លោកបានបន្តទៀតថា រីឯសមិទ្ធផលដែលបានធ្វើរួចហើយ យើងត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាជន នៅក្នុងតំបន់ឱ្យពួកគាត់ចេះថែរក្សា និងជួយជួសជុលក្នុងការករណីមានការខូចខាតតិចតួច តួយ៉ាងមុននឹងដាក់សមិទ្ធផលណាមួយឱ្យពួកគាត់ ត្រូវតែមានកិច្ចសន្យានៃការថែទាំ និងជួលជុល ក្នុងន័យដាស់អារម្មណ៍ឱ្យពួកគាត់ យល់ថាពួកគាត់គឺជាម្ចាស់កម្មសិទ្ធិ រួមនៃសមិទ្ធិផលនោះផងដែរ។ ចុងក្រោយលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន៕