(ភ្នំពេញ)៖ ករណីម្ចាស់ Facebook «យមរាជ លោកីយ៍» លោក សន សំនៀង អតីតមេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធការធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសកងកម្លាំងអាវុធហត្ថ ដោយសារចេញនិយាយតាម Facebook នោះ នៅតែជាប្រធានបទមួយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងនៅលើបណ្ដាញសង្គម។
មជ្ឈដ្ឋានជាច្រើននៅតែគាំទ្រលោក សន សំនៀង អតីតមេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានការចោទប្រកាន់មកលើចំណាត់ការរបស់ អាវុធហត្ថដែលបានចាប់ខ្លួនរូបលោក ទាំងអយុត្តិធម៌ បើទោះបីអាវុធហត្ថបានចេញសេចក្ដីប្រកាសព័ត៌មាន និងរហូតដល់ធ្វើសន្និសីទសារព័ត៌មានបញ្ជាក់លម្អិត ពីករណីនេះក៏ដោយ។
លោក សន សំនៀង ត្រូវបានតុលាការខេត្តកំពង់ធំ កាលពីល្ងាចម្សិលមិញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ «បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្ដបទឧក្រិដ្ឋជាអាទិ៍»។
ពាក់ព័ន្ធនឹងករណីនេះដែរ អតីតភរិយាលោក សន សំនៀង គឺអ្នកស្រី ហោ សុធារ៉ូ អាយុ២៧ឆ្នាំ កាលពីពេលកន្លងទៅ ពោលមិនទាន់បានលែងលះ ជាមួយគ្នាដាច់ស្រេច នៅដើមឆ្នាំ២០១៨ ក៏ធ្លាប់បានបញ្ចេញវីដេអូតាមបណ្ដាញសង្គម ទម្លាយពីការធ្វើទុកបុកម្មេញ ការប្រើហិង្សាពីសំណាក់ប្ដីរបស់ខ្លួន ដែលនាងស្ទើរទ្រាំមិនបានក្នុងការរស់នៅជាមួយគ្នា រយៈពេល៧ឆ្នាំ ហើយមានកូនប្រុសម្នាក់ជាចំណងដៃ។
យោងតាមវីដេអូឃ្លឹប របស់អ្នកស្រី ហោ សុធារ៉ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ អ្នកស្រី បានរិះគន់ និងវាយប្រហារអតីតស្វាមីរបស់ខ្លួនយ៉ាងច្រើន ពាក់ព័ន្ធទៅនឹងការប្រើហិង្សាគំរាមសម្លាប់ ការប្រមាថ និងចោទប្រកាន់មានសាហាយស្មន់ជាមួយបងប្អូនទៀតផង។
សូមស្ដាប់ការរៀបរាប់របស់អ្នកស្រី ហោ សុធារ៉ូ ដែលមានខ្លឹមសារទាំងស្រុង ក្នុងវីដេអូខាងក្រោមនេះ៖