(ព្រះវិហារ)៖ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ បានប្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារថា សូមហូបកំពិសលីងរបស់គណបក្សប្រជាជនកម្ពុជា ដែលមាននៅក្នុងចានស្រាប់ ប្រសើរជាងចាំហូបបង្កង ដែលគេសន្យាមុជក្នុងទឹកយកមកឱ្យ។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកដឹកនាំបេក្ខភាពតំណាងរាស្ត្រអាណត្តិទី៦ របស់គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រះវិហារ ជួបសំណេះសំណាលជាមួយ សមាជិកបក្សប្រមាណ១,០០០នាក់ នៅស្រុកគូលែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំជាច្រើនទៀត។
លោក មាស សុភា បានបន្តថា ការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយនានា គិតមកដល់ថ្ងៃនេះ គឺនៅសល់តែរយៈពេល១០ថ្ងៃប៉ុណ្ណោះ គឺដល់ថ្ងៃបោះឆ្នោតហើយ។ក្នុងការឃោសនារបស់គណបក្សនយោបាយខ្លះ គឺមានលក្ខណៈភូតភរ និងបោកប្រាស់ប្រជាពលរដ្ឋទាំងស្រុង ដូចជាបើគេឈ្នះឆ្នោត គេនឹងឱ្យគោមួយនឹម ឱ្យគោយន្ត លុបបំណុលធានាគារ..ជាដើម ដែលការសន្យាទាំងអស់នេះ សូមប្រជាពលរដ្ឋកុំជឿឱ្យសោះ ព្រោះជាកាសន្យាបោកប្រាស់ ដែលគេនិយាយឱ្យតែរួចពីមាត់ប៉ុណ្ណោះ តែធាតុពិតគេធ្វើមិនបាននោះទេ។ ត្រង់ន័យនេះហើយ គឺលោកចង់បញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា «សូមហូបកំពិសលីង ដែលមានក្នុងចានស្រាប់របស់គណបក្សប្រជាជនកម្ពុជា ប្រសើរជាងចាំហូបបង្កង ដែលគេសន្យាមុជក្នុងទឹកយកមកឱ្យ»។
លោកលើកឡើងទៀតថា សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលយើងមានសព្វថ្ងៃនេះ គឺប្រៀបបានកំពិសលីងមួយចាន ដែលគណបក្សប្រជាជនកម្ពុជាមាន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមថែរក្សាកំពិសលីងមួយចាននេះ ឱ្យបានល្អ ដើម្បីអនាគតកូនចៅរបស់យើង ហើយក៏មិនបាច់រង់ចាំការសន្យាចាំគេមុជ ក្នុងទឹកចាប់យកបង្កងមកឱ្យនោះទេ។ ជាមួយគ្នានេះលោក មាស សុភា ក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេតេជោ ហ៊ុន សែន ដឹកនាំប្រទេសបន្តទៅទៀត។
ដោយឡែកលោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ស្រុកគូលែន ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីដើមរហូតមក។
ជាមួយគ្នានេះដែរ លោកក៏បានធ្វើការសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ នៅស្រុកគូលែនទាំងមូល បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត ដោយអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បោះឆ្នោតជូនគនបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដែលមានរូប ទេវតាបាចផ្កា ជាសញ្ញាសំគាល់៕