(ភ្នំពេញ)៖ នៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៨នេះ អាវុធហត្ថលើផ្ទៃប្រទេស ធ្វើសន្និសីទសារព័ត៌មាន ដើម្បីបញ្ជាក់ឲ្យលម្អិតជុំវិញការចាប់ខ្លួនម្ចាស់គណនី Facebook ឈ្មោះ «យមរាជ លោកីយ៍» ដែលត្រូវបានចាត់ទុកថា បង្ហោះ Facebook ធ្វើប៉ះពាល់ដល់កិត្តិយសកងរាជអាវុធហត្ថ ។ សន្និសីទសារព័ត៌មាននេះ ចាប់ផ្តើមនៅម៉ោង៩៖០០ព្រឹក ដោយធ្វើឡើង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ។
សូមជម្រាបថា ជនសង្ស័យ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «យមរាជ លោកីយ៍» មានឈ្មោះពិត សន សំនៀង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ចាប់ខ្លួន នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។ បុគ្គលឈ្មោះ សន សំនៀង នេះត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook គណនីឈ្មោះ «យមរាជ លោកកីយ៍» និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន មួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។
ឈ្មោះ «យមរាជ លោកកីយ៍» មានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧។ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្ស ស្លាប់នៅនឹងកន្លែង, បាញ់បោះសេរី និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕