(ព្រះសីហនុ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៨នេះ ទឹកជនន់នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានកើនឡើងវិញ បន្ទាប់ពីបានស្រកចុះបន្តិចនៅវេលាយប់មិញ។
ក្រសួងធនធានទឹកបានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា «គិតត្រឹមម៉ោង៨ព្រឹកនេះ ទឹកនៅតែបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ ៨០០-៩០០ម៉ែត្រ ក្នុងកម្ពស់ប្រមាណ ១.៤០-១.៥០ម៉ែត្រ។ ការធ្វើចរាចរឆ្លងកាត់ នៅតែបន្តផ្អាកជាបណ្តោះអាសន្ន»។
សូមជម្រាបថា ដោយសារការធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នានេះ បានធ្វើឲ្យជំនន់ទឹកភ្លៀង លិចលង់តំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកោះកុង ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ ពីផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។
ទាំងសមត្ថកិច្ច និងអាជ្ញាធរបានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរទៅខេត្តព្រះសីហនុ សូមវាងតាមផ្លូវជាតិលេខ៤១ និងឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤ នៅបន្តបិទចរាចរជាបណ្តោះអាសន្ននៅឡើយ ដោយសារតែទឹកនៅបន្តជន់លិច។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងផងដែរថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាប កំពុងមានឥទ្ធិពលនៅកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យខេត្តនៅជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ច្រើន។ ចំពោះបណ្តារាជធានី ខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕