(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា រយៈពេលនេះ ខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាបកំពុងមានឥទ្ធិពលនៅកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យខេត្តនៅជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ច្រើន។
ក្រសួងបានបញ្ជាក់ទៀតថា ចំពោះបណ្តារាជធានី ខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។
ក្រសួងក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕