(ភ្នំពេញ)៖ បើទោះបីជាមិនអាចធ្វើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីដូចពេលកន្លងទៅ ព្រោះពេលនេះស្ថិតក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ តែក្តីនឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនកម្មករ កម្មការិនីនៅតែបន្តកើតមាន។ នៅថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទៅសួរសុខទុក្ខ ក៏ដូចជាពិនិត្យការបំពេញការងាររបស់កម្មករ កម្មការិនីដោយផ្ទាល់ដល់ក្នុងរោងចក្រតែម្តង។
កម្មករ កម្មការិនី ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទៅសួរសុខទុក្ខ និងពិនិត្យការងារនៅថ្ងៃនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ រោងចក្រ ថប សាមីត ហ្គាមេន គឺជារោងចក្រដែលវិនិយោគដោយជនជាតិចិនតៃវ៉ាន់។
រោងចក្រនេះមានកម្មករ កម្មការិនីកំពុងបំពេញការងារសរុប ៣,៨៧២នាក់ ប្រុស ៣០៩នាក់ នារី ៣,៥៦៣នាក់។ រោងចក្រនេះផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ កម្មការិនីសរុបជាង ១លានដុល្លារក្នុងមួយខែ។
សូមបញ្ជាក់ថា តាមរយៈគោលនយោបាយជំរុញវិស័យឧស្សាហកម្មសម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ៤៩លើកមកហើយ។ ជំនួប៤៩លើកនេះមានកម្មករ កម្មការិនីសរុបជិត៧០ម៉ឺននាក់ហើយ ដែលសម្តេចតេជោបានជួបសំណេះសំណាល។
សម្រាប់អាណត្តិទី៦ ប្រសិនបើគណបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោតសម្តេចតេជោ ហ៊ុន សែន នៅតែបន្តយកចិត្តទុកដាក់ជំរុញវិស័យឧស្សាហកម្ម និងជំរុញលើកកម្ពស់ជីវភាពរបស់កម្មករ កម្មការិនីផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជនកម្ពុជា បានគូសបញ្ជាក់ថា នឹងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់កម្មករ កម្មការិនី ក៏ដូចជាបុគ្គលិកក្រុមហ៊ុនឯកជននានា ដោយបន្តជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលឲ្យបានខ្ពស់ និងកំណត់ឲ្យការបើកប្រាក់ឈ្នួលនេះធ្វើឡើងរយៈពេលពីរសប្តាហ៍ម្តង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានខ្ញុំព្រះករុណា ខ្ញុំនាយក រដ្ឋមន្ត្រី នឹងជំរុញកែលម្អថែមទៀតនូវការបើកប្រាក់ឈ្នួលការងារប្រចាំជូនកម្មករ-និយោជិត ដោយរៀបចំឲ្យបើកក្នុងរយៈពេល២សប្តាហ៍ម្តង ដូចនៅបណ្តាប្រទេសជឿនលឿនមួយចំនួននៅក្នុងតំបន់ចាប់ពីឆ្នាំ២០១៩ទៅ ដើម្បីធានាឲ្យកម្មករ-និយោជិតយើងទាំងអស់គ្នា ទទួលបាននូវប្រាក់ឈ្នួលពលកម្មដែលនឹងត្រូវបន្តបង្កើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតសមរម្យផង ហើយបើកប្រាក់ឈ្នួលពលកម្មនេះបានជាប្រចាំ ដោយទៀងទាត់ និងទាន់ពេលសម្រាប់បម្រើសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនផង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការជឿជាក់ថា វិស័យឯកជនទាំងអស់នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តន៍នូវគោលនយោបាយមួយនេះ៕