(តាកែវ)៖ លោក សុខ សូកាន បេក្ខជនតំណាងរាស្រ្តពេញសិទ្ធិមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ រួមជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ គណបក្សស្រុកគ្រប់លំដាប់ថ្នាក់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តចុះឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជាមួយការប្ដេជ្ញាធ្វើឲ្យស្រុកមួយនេះ នៅតែជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។
ការឃោសនានេះបានធ្វើឡើងនៅឃុំចំនួន៤ គឺឃុំតាអូរ ឃុំព្រៃរំដេង ឃុំព្រៃអំពក និងឃុំកំណប់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត ដើម្បីរក្សាសុខសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងលើកស្ទួយវប្បធម៌ជាតិ។
ក្នុងឱកាសនោះ លោក សុខ សូកាន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅជាប់ជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ហើយរួមសុខរួមទុក្ខ និងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជន។ ការយកជីវិតជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិ និងប្រជាជន រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ គឺជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបានឡើយ។
លោកបានរំឭកថា ក្នុងប្រវត្តិនៃការបោះឆ្នោតនៅគ្រប់អាណត្តិរបស់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក ស្រុកគិរីវង់ គឺជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានចង្អុលបង្ហាញ និងដឹកនាំក្រុមការងារស្រុកគិរីវង់ដោយផ្ទាល់ប្រកបដោយបញ្ញានុភាព និងចក្ខុវិស័យយ៉ាងស៊ីជម្រៅ។
លោកក៏បានអំពាវនាវដល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ មេត្តាចលនាសាច់ញាតិបងប្អូនរបស់ខ្លួនឱ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឱ្យសមាជិកបក្ស១រូប ក្លាយជាសំឡេងឆ្នោតគាំទ្រគណបក្ស១សំឡេង ក្នុងការបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៦ និងដើម្បីបន្តរក្សាកេរិ៍តឈ្មោះស្រុកគិរីវង់ ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន។
អ្នកតំណាងរាស្រ្តរូបនេះ បានចុះឃោសនារកសំឡេងឆ្នោតតាមឃុំចំនួន៤រួចហើយ គឺឃុំភ្នំដិន ឃុំសោម ឃុំព្រះបាទជាន់ជុំ និងឃុំគិរីចុងកោះ ហើយក៏គ្រោងនឹងបន្តចុះឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅគ្រប់ឃុំទាំងអស់នៃស្រុកគិរីវង់ រហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ។